ប្រទេសស្រីលង្កា៖ រដ្ឋមន្ត្រីដាំដុះរបស់ប្រទេសស្រីលង្កា Rames Patirana បាននិយាយថាប្រទេសស្រីលង្កាគ្រោងនឹងប្រើប្រាស់ “តែ” ដើម្បីទូទាត់ថ្លៃប្រេងដែលនាំចូលពីប្រទេសអ៊ីរ៉ង់។

នៅថ្ងៃទី២២ខែធ្នូ ឆ្នាំ២០២១ BBC បានរាយការណ៍ថាប្រទេសស្រីលង្កាបានបង្ហាញក្តីសង្ឃឹមក្នុងការនាំចេញ ផលិតផលតែ ដែលមានតម្លៃ ៥ លានដុល្លារអាមេរិក ទៅកាន់ប្រទេសអ៊ីរ៉ង់រៀងរាល់ខែ ដើម្បីធ្វើការសងបំណុលជាបណ្តើរៗ ដែលមានតម្លៃ ២៥១ លានដុល្លារអាមេរិក ដែលធ្លាប់បានជំពាក់បំណុលអ៊ីរ៉ង់ក្នុងការចំណាយលើការទិញប្រេងកាលពី៤ឆ្នាំមុន ដែលមិនទាន់ទូទាត់រួចរាល់ ហើយនេះក៏ជាលើកដំបូងក្នុងប្រទេស ដែលគេប្រើប្រាស់តែដើម្បីសងបំណុលបរទេសបែបនេះ។ក្នុងនោះលោក Ajith Nivard Cabraal ទេសាភិបាលធនាគារស្រីលង្កាបាននិយាយកាលពីដើមខែធ្នូនេះថា រដ្ឋាភិបាលស្រីលង្កាមានទំនុកចិត្ត និងសង្ឃឹមយ៉ាងមុតមាំថាការដោះស្រាយសងបំណុលនេះនឹងរលូនល្អរាល់ការទូទាត់សងបំណុលនេះទាំងអស់។ ខណៈដែលប្រជាជនស្រីលង្កានិយមដាំតែឈ្មោះថា Ceylon ហើយនឹងអាចផលិតតែប្រភេទនេះប្រហែល៣៤០លានគីឡូក្រាមក្នុងមួយឆ្នាំៗ។

គួរបញ្ជាក់ផងដែរ​ ពេលបច្ចុប្បន្ននេះស្រីលង្កាកំពុងប្រឈមមុខនឹងបញ្ហាបំណុលធ្ងន់ធ្ងរជាខ្លាំង និងវិបត្តិប្តូរប្រាក់បរទេស រួមទាំងការបាត់បង់ចំណូលពីភ្ញៀវទេសចរណ៍អំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដែលជាស្ថានភាពកាន់តែអាក្រក់ទៅៗបម្រាប់ប្រទេសមួយនេះ៕