យោងទៅតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានបានអោយដឹងថា វិស័យកសិកម្មក្នុងខេត្ត ក្រចេះបានរួមចំណែកក្នុងការ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋបានមួយផ្នែកធំ ខណៈដែលប្រជាជនដែលរស់នៅជនបទស្ទើរតែ៦៥ ភាគរយ ពឹងផ្អែកលើវិស័យកសិកម្មជាចម្បង។

ឯកឧត្តម វ៉ា ថន អភិបាល ខេត្តក្រចេះបានឱ្យដឹងថា ប្រជាកសិករខេត្តក្រចេះភាគច្រើន មានផ្ទៃដីធំទូលាយដែលជាឱកាស ក្នុងការដាំដំណាំជាច្រើនប្រភេទ  ពិសេសអាចផ្លាស់ប្ដូរមុខដាំផ្សេងៗស្របតាមតម្លៃទីផ្សារ។

ឯកឧត្តមបានបន្តថា បច្ចុប្បន្ននេះដំណាំ ៤ប្រភេទដែលប្រជាពលរដ្ឋខេត្តក្រចេះ និយមដាំហើយទទួលបានទិន្នផលល្អទាំងតម្លៃនិងគុណភាពនោះរួមមាន៖  ទី១.ដំណាំស្រូវ,  ទី២.ដំណាំដំឡូងមី,  ទី៣.ដំណាំស្វាយចន្ទី និងទី៤.ដំណាំស្វាយកែវរមៀត ហើយដំណាំទាំងអស់នេះ កំពុងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋឱ្យមានជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។

 «គ្រាន់តែដំណាំកសិកម្មរបស់យើង ស្វាយចន្ទីជាង ៥ម៉ឺនហិកតា កៅស៊ូក៏ជាង ៤ម៉ឺនហិកតាទាំងកៅស៊ូគ្រួសារ ដំឡូងមីជិត ១០ម៉ឺនហិកតា ស្វាយកែវរមៀត និងដំណាំផ្សេងទៀតជាច្រើនម៉ឺនហិកតាទៀត អ៊ីចឹងជីវភាពរបស់ប្រជាជនយើងអាចនិយាយថាជីវភាពខ្ពស់ ប៉ុន្តែនៅក្នុងនោះយើងនៅតែទទួលស្គាល់ថានៅមានអ្នកក្រីក្រដោយសារសុខភាពចាស់ជរាអត់កូន ហើយចាស់ទៅគាត់អត់អាចធ្វើអ្វីបាន»។

ឯកឧត្តមបានបន្ថែមថា  វិស័យកសិកម្មពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀង ការបង្កើនការងារដល់ប្រជាពលរដ្ឋកាត់បន្ថយការចំណាកស្រុក។

គួរជម្រាបផងដែរថា ការរីកចម្រើនផ្នែកកសិកម្មនៅខេត្តក្រចេះនេះ ដោយសារតែប្រជាពលរដ្ឋទទួលបានការបណ្តុះបណ្តាលពីមន្រ្តីជំនាញកសិកម្មខេត្ត ហើយពលរដ្ឋខ្លះបានទៅសិក្សាពីក្រៅប្រទេសរួមផ្សំខេត្តបានអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រជាច្រើននៅទូទាំងខេត្ត ដែលធ្វើឱ្យកសិកមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ការងារ ស្រែចម្ការច្បារដំណាំរបស់ខ្លួន ហើយទទួលបានទិន្នផលខ្ពស់ថែមទៀតផង៕

ប្រភព: ក្រសួងព័ត៌មាន