រាជធានីភ្នំពេញ ៖ ក្នុងស្ថានភាពនៃជីវិត មនុស្សគ្រប់រូបត្រូវការនិយាយស្ដី ត្រូវរៀនសូត្រពីអាកប្បកិរិយាមួយចំនួនដែលមើលទៅគឺមានសីលធម៌ សុជីវធម៌នៅក្នុងនោះ ខណៈអាកប្បកិរិយាល្អទាំងឡាយ នឹងផ្តល់ឲ្យអ្នកនូវទ្រព្យសម្បត្តិ មានសេចក្ដីសុខ និងមានអ្នកស្រឡាញ់នៅជុំវិញខ្លួនផងដែរ។ ក្នុងនោះផងដែរ ការកើតមកមានរូបរាងជាមនុស្សជារឿងងាយស្រួលទេ ប៉ុន្តែការដែលធ្វើជាមនុស្សដែលមានចរិតលក្ខណៈល្អទើបពិបាក។ ក្នុងការក្លាយជាមនុស្ស ពួកគេតែងតែមានអារម្មន៍ខ្លាចជាប់ជានិច្ចចំពោះរឿងចំនួនពីរយ៉ាងនេះ៖

១. មនុស្សតែងតែខ្លាចការបាត់បង់ ៖ ការបានមក ហើយបាត់បង់ទៅវិញវាជាច្បាប់ធម្មជាតិ ដោយក្នុងលោកនេះគ្មានអ្វីមួយដែលអាចគង់វង្សជាអមតបាននោះឡើយ សូម្បីតែជីវិត។ មនុស្សតែងតែខ្លាចបាត់បង់នូវរបស់ជាទីស្រឡាំញ់ ហើយគេតែងតែឱបក្រតសោបរបស់ទាំងនោះនៅជិតខ្លួន ដោយគិតថារបស់ ឬវត្ថុជាទីស្រឡាញ់នោះនឹងគ្មានថ្ងៃបាត់បង់ចេញពីគេ ប៉ុន្តែផ្ទុយទៅវិញសូម្បីតែជីវិតរបស់ខ្លួនឯងផ្ទាល់មនុស្សក៏ពុំអាចរក្សាបាននោះឡើយ ដល់កាលវេលាណាមួយរូបកាយរបស់ខ្លួនឯងក៏គង់នឹងចាកចេញទៅ​ ឬបាត់បង់ទៅដោយមិនអាចត្រឡប់មកវិញបាន។

២. មនុស្សតែងខ្លាចពាក្យនិន្ទា ៖ ការនិន្ទា ការនិយាយដើមមិនល្អ គឺតែងតែត្រូវបានកើតឡើងមកជាប់ជាប្រចាំសម្រាប់ជីវិតរបស់មនុស្សគ្រប់រូប តើនរណាម្នាក់ដែលអាចគេចផុតពីពាក្យនិន្ទាបាន? ក្នុងជីវិតមនុស្សនេះ មិនមាននរណាម្នាក់ដែលឥតខ្ចោះបានឡើយ ព្រោះក្នុងចំណុចល្អដ៏ច្រើន ក៏គង់មានចំណុចអាក្រក់តូចមួយនៅក្នុងនោះផងដែរ ហើយភាគច្រើនៃមនុស្សហាក់ងាយសម្លឹងឃើញភាពអាក្រក់តូចមួយនោះជាជាងផ្នែកល្អដ៏ធំជាងទៅវិញ។ គ្មាននរណាម្នាក់អាចទប់ខ្យល់ដែលបក់ក្នុងលំហបានឡើយ ហេតុនេះក៏គ្មាននរណាម្នាក់អាចទប់ពាក្យនិន្ទាបានដូចគ្នា៕ អត្ថបទដោយ ៖ ប៊ុត បឋវី