រាជធានីភ្នំពេញ ៖ មានរឿងរ៉ាវជាច្រើននៅក្នុងលោកនេះដែលមិនអាចទុកចិត្តបាន ជាពិសេសនោះគឺអារម្មណ៍ ដែលវាហាក់មានត្រឹមតែបណ្តោះអាសន្ននៅគ្រប់ទីកន្លែង ហេតុនេះយើងត្រូវតែប្រុងខ្លួន និងធ្វើខ្លួនឲ្យរឹងមាំដើម្បីហ៊ានប្រឈមមុខជាមួយនឹងរឿងរ៉ាវទាំងនោះ ព្រោះថាលុះណាតែយើងមានភាពរឹងមាំទើបយើងអាចដោះស្រាយបញ្ហានានាដែលកំពុងតែមករកយើងបាន។

មនុស្សគ្រប់គ្នាសុទ្ធតែមានភាពឯកោរៀងៗខ្លួន ព្រោះថាអ្នកដែលនៅជាមួយអ្នកបានយូរបំផុតក្នុងជីវិតនោះគឺខ្លួនអ្នកនេះឯង។ យ៉ាងណាមិញអ្នកអាចនិយាយបានថា អ្នកមិនឯកោនោះទេព្រោះអ្នកមានម្តាយឪពុក មានបងប្អូន មានដៃគូស្នេហា ប៉ុន្តែសូមចងចាំថាពួកគេនឹងមិនអាចនៅជាមួយអ្នកបានជារៀងរហូតនោះទេ ហេតុនេះអ្នកត្រូវរៀនទទួលយកភាពឯកោរួមផ្សំនឹងការរស់នៅជាមួយខ្លួនឯង។

គ្រប់យ៉ាងក្នុងពិភពលោកដ៏ធំល្វឹងល្វើយនេះសុទ្ធតែជារឿងបណ្ដោះអាសន្ន មិនអាចគង់នៅជានិរន្តរ៍បាននោះឡើយ ហេតុនេះសូមព្យាយាមរីករាយជាមួយនឹងភាពឯកោ ព្យាយាមធ្វើឲ្យខ្លួនអ្នកមានទំនុកចិត្ត មានភាពរឹងមាំ រស់នៅក្នុងជីវិតដែលអ្នកចូលចិត្ត ហើយប្ដេជ្ញាចិត្តថាកុំបោះបង់ខ្លួនឯង ព្រោះនៅថ្ងៃចុងក្រោយណាមួយអ្នកមានតែខ្លួនឯងនេះហើយ គ្មាននរណាទៀតនោះទេ៕