រាជធានីភ្នំពេញ ៖ ក្នុងពិភពលោកដ៏សែនធំល្វឹងល្វើយនេះ ពុំមាននរណាម្នាក់ដែលមិនធ្លាប់ឆ្លងកាត់រឿងរ៉ាវអាក្រក់ៗក្នុងជីវិតរបស់ខ្លួននោះទេ ក៏ប៉ុន្តែយើងគ្រប់គ្នាក៏ត្រូវតែព្យាយាមប្រឹងប្រែង តស៊ូ ជម្នះរឿងរ៉ាវទាំងនោះដោយក្ដីសង្ឃឹមនិងភាពអត់ធ្មត់ ហើយវាប្រសើរជាងការតស៊ូ ជម្នះជាមួយនឹងក្ដីអស់សង្ឃឹម ការបាក់ទឹកចិត្ត ព្រោះប្រសិនបើយើងឆ្លងកាត់វាបាននោះមានន័យថាយើងជាមនុស្សដែលពូកែ និងជោគជ័យមួយផ្នែករួចជាស្រេចទៅហើយក្នុងជីវិត។

ក្នុងស្ថានភាពជីវិតរបស់គ្រប់គ្នា សុទ្ធតែមានបញ្ហា ប៉ុន្តែយើងមិនអាចបញ្ចប់ជីវិតព្រោះតែបញ្ហាទាំងនោះបានឡើយ ព្រោះការដែលយើងកើតមកនេះពុំមែនដើម្បីតម្រូវឲ្យបញ្ហាមានមាឌធំសម្បើមក្នុងការបំផ្លាញជីវិតយើងនោះទេ។ ពេលខ្លះយើងអាចតូចចិត្តតិចតួចដែលថាជីវិតយើងមិនល្អប្រសើរដូចអ្នកដទៃ ប៉ុន្តែយើងក៏មិនត្រូវភ្លេចថាយើងខ្លួនឯងនេះជានរណាឡើយ។

ជីវិតនេះយើងអាចអស់កម្លាំងខាងផ្នែករាងកាយ តែយើងមិនត្រូវអស់កម្លាំងចិត្តនោះទេ។ កុំមានអារម្មណ៍ថាអស់សង្ឃឹមព្រោះតែជួបរឿងខ្លះដែលពុំសមបំណង ប៉ុន្តែត្រូវចាំថារឿងមិនសមបំណងនោះមិនមែនកើតមកលើជីវិតរបស់យើងតែម្នាក់ឯណា ប៉ុន្តែវាបានកើតមានទៅលើជីវិតរបស់មនុស្សគ្រប់គ្នាទៅតាមស្ថានភាពជាក់ស្តែង។ កុំគិតថាគ្រប់យ៉ាងត្រូវបានបញ្ចប់ ប្រសិនបើយើងនៅមានដង្ហើមដក យើងត្រូវប្រឹងប្រែងតស៊ូជាមួយខ្លួនឯង ជាមួយក្ដីសង្ឃឹម និងប្រើភាពវ័យឆ្លាតក្នុងការរស់នៅ ហើយពេលមួយយើងនឹងអាចមើលឃើញពីសម្រស់ដ៏ស្រស់ស្អាតរបស់ជីវិតនិងពិភពលោកផងដែរ៕