រាជធានីភ្នំពេញ ៖ នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថានៅពេលដែលនរណាម្នាក់សប្បាយចិត្ត ឬកើតទុក្ខចំពោះរឿងអ្វីមួយគេចូលចិត្តបើកប្រកាសបង្ហោះដាក់នៅលើបណ្តាញសង្គមដែលមានដូចជាហ្វេសប៊ុក ឬ Instagram ជាដើម ខណៈក៏មានរឿងចំនួនបីយ៉ាងទៀតដែលអ្នកមិនគួរបើកបង្ហាញប្រកាសឲ្យពិភពលោកនេះបានដឹងនោះឡើយ ដែលរឿងទាំងនោះមានដូចជា៖

១. កុំលើកកកាយពីរឿងអតីតកាលរបស់ខ្លួន! ពិតណាស់ អ្នកមិនអាចបង្វិលត្រឡប់ ឬក៏ផ្លាស់ប្ដូរពេលវេលាទៅកែខៃរឿងរ៉ាវពីអតីតកាលដែលខ្លួនធ្លាប់បានសាងកំហុស ឬសោកស្ដាយចំពោះរឿងអ្វីមួយនៅក្នុងជីវិតប្រាប់ទៅនរណាម្នាក់នោះឡើយ។ ការប្រាប់អាថ៌កំបាំងពីអតីតកាលរបស់អ្នកទៅកាន់មនុស្ស អាចជួយអ្នកបន្ធូរបន្ថយភាពតានតឹង ប៉ុន្តែក្នុងពេលជាមួយគ្នានេះ វាដូចជាការផ្តល់ឱកាសឱ្យអ្នកដទៃប្រើអាថ៌កំបាំងទាំងនោះប្រឆាំងនឹងអ្នកនៅពេលអនាគត។

២. កុំប្រាប់រឿងរ៉ាវក្នុងគ្រួសារ ឬក្នុងផ្ទះរបស់អ្នកទៅប្រាប់នរណាម្នាក់ឡើយ! អ្វីគ្រប់យ៉ាងដែលកើតមានឡើងនៅក្នុងគ្រួសាររបស់អាចមានរឿងល្អ និងរឿងមិនល្អខ្លះ ហេតុនេះអ្នកមិនគួរបើកកកាយរឿងទាំងនោះទៅរ៉ាយរ៉ាប់ឲ្យអ្នកដទៃស្ដាប់នោះ ព្រោះបើអ្នកហ៊ានតែនិយាយប្រៀបបីដូចជាអ្នកបើកទ្វារឲ្យអ្នកដទៃដើរចូលលុកលុយក្នុងផ្ទះរបស់អ្នកយ៉ាងដូច្នោះដែរ។ អ្នកត្រូវចងចាំថា គ្មានគ្រួសារណាមួយ ឬដៃគូស្នេហាណាម្នាក់ដែលមិនចេះឈ្លោះគ្នាទាល់តែសោះនោះទេ ហេតុនេះអ្នកត្រូវរៀនសម្របខ្លួន និងចេះអត់ធ្មត់ចំពោះរឿងទាំងនោះ។ អ្នកដឹងទេថា មនុស្សមួយចំនួនចូលចិត្តស្តាប់រឿងអាក្រក់របស់អ្នកដទៃជាទីបំផុត!

៣.កុំចូលចិត្តអួតប្រកាសថាជីវិតអ្នកជោគជ័យពេក! ក្នុងលោកនេះមិនមាននរណាម្នាក់ដែលប្រាថ្នាចង់ឲ្យជីវិតអ្នកល្អជាងពួកគេនោះទេ។ កុំចូលចិត្តអួតថាខ្លួនអ្នកជោគជ័យ ឬបង្ហាញការសប្បាយចិត្តជ្រុលហួសហេតុចំពោះពួកគេពេក។ សុភមង្គល និងភាពជោគជ័យរបស់អ្នក មិនចាំបាច់អោយអ្នកដ៏ទៃដឹងទេ ព្រោះថាទោះអ្នកនោះជាមនុស្សល្អកម្រិតណាក៏ដោយក៏គេនឹងមិនមានអារម្មណ៍សប្បាយចិត្តក្នុងការទទួលយកការពិតដែលថាអ្នកល្អជាងគេនោះឡើយ ព្រោះនេះជាធម្មជាតិរបស់មនុស្សតែប៉ុណ្ណោះ។ ពេលអ្នកធំឡើង អ្នកនឹងដឹងថាមិនមែនគ្រប់គ្នាសុទ្ធតែអាចទុកចិត្តបាននោះទេ៕ អត្ថបទ ៖ ប៊ុត បឋវី