អន្តរជាតិ៖ ប្រទេសអាមេរិក បានអញ្ជើញតៃវ៉ាន់ ឱ្យចូលរួមកិច្ចប្រជុំតំណាងប្រទេសប្រជាធិបតេយ្យនៅខែក្រោយ​ ដោយការអញ្ជេីញតៃវ៉ាន់នេះបានធ្វេីឱ្យទីក្រុងប៉េកាំងមានការមួម៉ៅជាខ្លាំង ​ខណៈនៅក្នុងនោះកម្ពុជា​ ថៃ​ និងសង្ហបុរី មិនត្រូវបានអាមេរិកអញ្ជើញឲ្យចូលរួមឡើយ។

ជំនួបកំពូលដើម្បីប្រជាធិបតេយ្យ នឹងត្រូវរៀបចំនៅថ្ងៃទី៩ និងទី១០ ខែធ្នូខាងមុខ។ ជំនួបតាមអនឡាញនេះ ជាផ្នែកមួយនៃគោលនយោបាយរបស់ប្រធានាធិបតី ចូ បៃឌិន ក្នុងការវិលត្រឡប់ចូលកិច្ចការពិភពលោកឡើងវិញរបស់អាម៉េរិកដើម្បីទប់ទល់ការកើនឡើងនិន្នាការរបបផ្ដាច់ការនៅលើពិភពលោក។

បើតាមបញ្ជីរបស់ក្រសួងការបរទេសអាម៉េរិក នៅអាស៊ីអាគ្នេយ៍ ប្រទេសដែលត្រូវបានអញ្ជើញមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងទីម័រខាងកើត។ កម្ពុជា សិង្ហបុរី ថៃ និងមីយ៉ាន់ម៉ា មិនមានឈ្មោះបញ្ជីនេះឡើយ។ ឡាវ និងវៀតណាម ជារដ្ឋកាន់លទ្ធិកុម្មុយនីស្ត ដែលជាស្វ័យប្រវត្តិ ក៏នឹងមិនមានឈ្មោះដែរ ព្រមគ្នានឹងព្រុយណេដែលជារាជាណាចក្រមានស្ដេចគ្រប់គ្រងអំណាច។

នៅតំបន់អាស៊ី តៃវ៉ាន់ ដែលមិនមានជាសមាជិកអង្គការសហប្រជាជាតិ ក៏ត្រូវបានអញ្ជើញដែរ។ ជប៉ុន និងកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាម៉េរិក មានឈ្មោះក្នុងចំណោមភាគីដែលត្រូវបានអញ្ជើញដូចគ្នា។ ប៉ាគីស្ថាន និងឥណ្ឌា ដែលត្រូវបានមើលឃើញថា មាននិន្នាការប្រជាធិបតេយ្យថយក្រោយ មានឈ្មោះក្នុងបញ្ជីក្រសួងការបរទេសអាម៉េរិកទាំងអស់ ៕