រាជធានីភ្នំពេញ ៖ ជីវិតដែលពោរពេញដោយន័យខ្លឹមសារពិតប្រាកដ មិនមែនជាជីវិតដែលដើរតាមអ្នកដ៏ទៃ ធ្វើខ្លួនឲ្យដូចជាអ្នកដទៃនោះឡើយ។ ជួនកាលយើងអាចមានអារម្មណ៍ថាបាត់បង់ មានអារម្មណ៍ថាខ្លួនឯងកមពុងតែរងគ្រោះ ឯកោ និងសោកសៅជាទីបំផុត ខណៈអ្នកបែរជាព្យាយាមរស់នៅទាំងលាក់អារម្មណ៍របស់ខ្លួន មិនចង់បញ្ចេញឲ្យអ្នកដទៃដឹង ហើយខំប្រឹងសម្តែងថាខ្លួនមិនអីទេ នោះវាកាន់តែធ្វើឲ្យអ្នកមានសម្ពាធកាន់តែធ្ងន់ធ្ងរ។ ប្រសិនបើអ្នកមិនអាចសប្បាយចិត្តបានទេក្នុងពេលនេះ សូមកុំបង្ខំខ្លួនឯងឲ្យសប្បាយចិត្តធ្វើអ្វី ព្រោះទោះបីជាអ្នកបង្ខំចិត្តខ្លួនឯងយ៉ាងណាក៏វាគ្មានប្រយោជន៍ដែរ។

បើអ្នកចង់យំ អ្នកអាចយំបាន បើអ្នកចង់ស្រែកអ្នកអាចស្រែកឲ្យខ្លាំងៗបាន ព្រោះវាមិនមានអ្វីមួយដែលកំណត់បានថាអ្នកធ្វើខុសនោះទេ សូមកុំទប់វាឲ្យក្លាយទៅជាសម្ពាធ។ ពិតណាស់ជួនកាលអ្នកអាចមានអារម្មណ៍ថាស្តាយក្រោយបន្តិចបន្តួចពេលដែលអ្នកធ្វើរឿងទាំងអស់នោះ ប៉ុន្តែប្រសិនបើអ្នកធ្វើវាហើយមានអារម្មណ៍ល្អប្រសើរឡើងសូមធ្វើចុះ ព្រោះវាមិនបានខុសច្បាប់នោះទេ។

ជីវិតរបស់អ្នកជាកម្មសិទ្ធរបស់អ្នក អ្នកមានសិទ្ធិសម្រេចទៅលើវា ដូច្នេះបើគ្រាន់តែធ្វើវាដើម្បិឲ្យខ្លួនមានអារម្មណ៍ល្អប្រសើរ និងមានអារម្មណ៍ធូរស្រាលជាងមុនអ្នកគួរតែធ្វើ។ យើងមិនមែនជាមនុស្សយន្តនោះទេ យើងមានចិត្ត មានអារម្មណ៍ ហេតុនេះអ្នកមិនខុសនោះទេបើគ្រាន់តែយំឲ្យបានធូរស្បើយនោះ។ ហ៊ានបង្ហាញអារម្មណ៍ពិត វាជាការប្រសើរជាងព្យាយាមធ្វើពុតជាសប្បាយចិត្តនៅចំពោះមនុស្សជុំវិញខ្លួន៕