ប្រទេសថៃ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Arkhom Termpittayapaisith បាននិយាយកាលពីថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ប្រទេសថៃគ្រោងផ្តល់ជំនួយបន្ថែមចំនួន៧៦ពាន់លានបាត ដែលស្មើនឹង(២,២៨ ពាន់លានដុល្លារ) បន្ថែមទៀតក្នុងគោលបំណងជួយសម្រាលសម្ពាធដល់កសិករពីការធ្លាក់ថ្លៃតម្លៃស្រូវ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters

លោក Arkhom Termpittayapaisith បានបញ្ជាក់ឲ្យដឹងថា តាមពិតទៅគម្រោងផ្តល់ជំនួយហិរញ្ញវត្ថុដល់កសិករគឺមានរួចហើយ ដោយគម្រោង​នេះ​មាន​ថវិកា​ចំនួន៨៩ពាន់​លាន​បាត ក៏ប៉ុន្តែ​នៅក្នុងដំណាក់កាលដំបូងគឺយើងបានប្រើប្រាស់ថវិកាទាំងអស់នេះជួយដល់កសិករបានតែមួយចំនួនតូចតែប៉ុណ្ណោះ ដូច្នេះហើយរដ្ឋមានគម្រោងផ្ដល់ប្រាក់ជំនួយបន្ថែមទៀត ដើម្បីស្រោចស្រង់ការធ្លាក់ចុះនៃតម្លៃស្រូវរបស់កសិករទូទាំងប្រទេស ខណៈប្រាប់ជំនួយរដ្ឋកំពុងធ្វើការស្វះស្វែងរកពីស្ថាប័នរដ្ឋ និងឯកជន។

បច្ចុប្បន្ននេះមានក្របខណ្ឌមួយដែលកំណត់លទ្ធភាពរបស់រដ្ឋាភិបាលក្នុងការខ្ចីប្រាក់ពីស្ថាប័នរដ្ឋ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងរដ្ឋ ដែនកំណត់នោះឥឡូវនេះត្រូវបានកំណត់នៅ៣០% នៃថវិកាប្រចាំឆ្នាំនៃការចំណាយ។ យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ រដ្ឋស្ទើរតែឈានដល់កម្រិតនៃការខ្ចីប្រាក់នោះ ដូច្នេះវាមិនទាន់ច្បាស់ថាតើក្របខណ្ឌនេះនឹងត្រូវកែប្រែឬយ៉ាងណានោះទេ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានពន្យល់ទៀតថា យើងនៅ​មាន​ពេល​វេលា​ទៀតក្នុង​ការ​ស្វែង​រក​ថវិកា​សម្រាប់​គម្រោង​នេះ ការដំឡើងសាច់ប្រាក់ថ្មីគឺមិនចាំបាច់សម្រាប់ពីរបីខែទៀតទេ ហើយការចែកចាយថវិកាដល់កសិករនឹងបន្តិចម្តងៗតាមពេលវេលា។ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបាននិយាយថា ខុទ្ទកាល័យបានស្នើសុំការបង់ប្រាក់ដំបូងដល់កសិករដើម្បីចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខ ដោយប្រើប្រាស់ថវិកាបច្ចុប្បន្នចំនួន១៣ពាន់លានបាតសិន ៕