រាជធានីភ្នំពេញ ៖ នៅវេលាណាដែលអ្នកចួបរឿងមិនល្អ រឿងដែលអ្នកមិនប្រាថ្នាចង់ចួបសូម្បីតែម្ដង អ្នកគ្រាន់តែគិតថាវាដូចជាសុបិនអាក្រក់ត្រឹមមួយរាត្រីតែប៉ុណ្ណោះ ហេតុនេះអ្នកគួរតែភ្ញាក់ពីគេង និងក្រោកចេញពីសុបិនអាក្រក់នោះឡើង ហើយត្រូវរស់នៅក្នុងភាពរីករាយឡើងវិញ។ ជីវិតមិនគួរជាប់គាំងនៅតែមួយកន្លែងព្រោះតែភាពសោកសៅ ឬរឿងដែលធ្វើឲ្យអ្នកកើតទុក្ខនោះឡើយ។

នៅពេលដែលអ្នកឈឺចាប់ វាគឺជាពេលដែលធ្វើឲ្យអ្នកអស់សង្ឃឹមខ្លាំងបំផុត ហេតុនេះអ្នកអាចយំបាន ប៉ុន្តែសូមអ្នកចេះអរគុណដល់រឿងដែលធ្លាប់ធ្វើឲ្យអ្នកឈឺចាប់នោះព្រោះវាក៏ជាចំណែកមួយដែលជួយរំលឹកអ្នកឲ្យត្រូវតែប្រឹងដើរបន្តទៅមុខទៀតដើម្បីចេញឲ្យឆ្ងាយពីវា។

អ្នកសាកក្រឡេកមើលក្រោយបន្តិចទៅមើលថាអ្នកបានដើរឆ្ងាយមកប៉ុណ្ណាហើយ។ អ្នកបានឆ្លងកាត់បញ្ហាច្រើនណាស់ទម្រាំបានមកដល់ទីនេះ កន្លែងនេះ និងពេលនេះ ហើយព្រោះតែពេលវេលាអតីតកាលទាំងនោះហើយដែលនាំឲ្យអ្នកមានថ្ងៃនេះ។​ ពិតណាស់ទោះបីជាមានរឿងច្រើនផ្សេងទៀតដែលអ្នកមិនទាន់បានសម្រេចវាក៏ដោយ ក៏អ្នកបានចាប់ផ្តើមវាតាំងពីគ្រាដំបូងមកផងដែរ ហេតុនេះអ្នកក៏មានបទពិសោធន៍ អ្នកបានរៀនពីវា ហើយអ្នកក៏បានអភិវឌ្ឍផ្នត់គំនិតរបស់ខ្លួនដើម្បីឲ្យខ្លួនមានសមត្ថភាពផងដែរ ហេតុនេះរឿងដែលអ្នកមិនទាន់បានសម្រេចវានោះនឹងជោគជ័យយ៉ាងប្រាកដ។ ជីវិតបានប្រាប់ទៅកាន់មនុស្សគ្រប់គ្នាថា ចូរមានការអត់ធ្មត់ ព្រោះពេលណាដែលឱកាសមកដល់ វាជាពេលដែលអ្នកត្រូវតែបញ្ចេញសមត្ថភាព។ ហេតុនេះសូមកុំចាយពេលទៅលើរឿងសោកសៅច្រើនពេក ចូររីករាយឡើយ!