រាជធានីភ្នំពេញ ៖ នៅពេលដែលអ្នកមានអាយុកាន់តែច្រើន កាន់តែធំឡើង អ្នកនឹងចាប់ផ្តើមបាត់បង់មនុស្សជុំវិញខ្លួនជាបន្តបន្ទាប់ ហើយអ្នកអាចមានអារម្មណ៍ស្រងេះស្រងោចខ្លះៗដែរ ប៉ុន្តែត្រូវចងចាំថាវាគឺជាភាពពិតជាក់ស្តែងនៃជីវិត ខណៈតាមការពិតទៅបើសិនជាយើងគិតឲ្យស៊ីជម្រៅជាងនេះជីវិតរបស់យើងគ្រប់គ្នាគឺមិនមាននរណាម្នាក់តាំងតែពីលើកដំបូងមកម្ល៉េះ។

នៅពេលដែលយើងគ្រប់គ្នាមានអាយុកាន់តែច្រើន យើងមិនបានបាត់បង់នរណាម្នាក់នោះទេ ប៉ុន្តែគឺយើងគ្រាន់តែបានដើរឆ្លងកាត់មនុស្សទាំងនោះតែប៉ុណ្ណោះ។ ប្រាកដណាស់ដែលថាយើងគ្រប់គ្នាតែងតែធ្លាប់បានជួបមនុស្សច្រើនប្រភេទ អ្នកខ្លះមកក្នុងជីវិតយើងដើម្បីផលប្រយោជន៍ អ្នកខ្លះមកដើម្បីផ្តល់មេរៀន ផ្តល់បទពិសោធន៍ ឬអ្វីក៏ដោយដែលវានាំឲ្យយើងមានឱកាសបានជួបមនុស្សទាំងនោះ។

ជីវិត គឺជាការដើរបន្តទៅមុខឥតឈប់ឈរ ហើយការជួប និងការបាត់បង់ក៏ជាពិភពពិតជាក់ស្តងដែលយើងគ្រប់គ្នាត្រូវតែទទួលស្គាល់។ ការបាត់បង់មនុស្សជុំវិញខ្លួនជាបន្តបន្ទាប់ពុំមែនជាផ្នែកមួយដែលជួយឲ្យអ្នកធំធាត់ឡើងនោះទេ ព្រោះថាមនុស្សគ្រប់គ្នាដែលចូលមកក្នុងជីវិតយើងគឺសុទ្ធតែមានសិទ្ធិចាកចេញទៅ។ យើងត្រូវតែទទួលយកថា យើងកំពុងតែចូលមកក្នុងពិភពលោកនេះជាមួយនឹងបេសកកម្មផ្សេងគ្នាពីអ្នកដទៃ ហើយការដែលយើងជួបមនុស្សផ្សេងៗគ្នាទាំងនោះក៏ប្រៀបបានទៅនឹងការធ្វើដំណើរឆ្លងកាត់វាផងដែរ ហេតុនេះសូមរៀនទទួលយកការផ្លាស់ប្ដូរពីជីវិត៕