ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានផ្តល់ជំនួយផ្នែកការអប់រំអូឡាំពិក«សារមន្ទីរអូឡាំពិក» ដែលនឹងរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយនេះជាប្រយោជន៍ដ៏ធំមួយ នៅក្នុងចំណោមផលប្រយោជន៍ធំៗចំនួន៣ នៅក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាស៍ថា នៅក្នុងបេសកកម្មអន្តរជាតិនេះ គឺទី១ កម្ពុជាបានចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ក្នុងនាមជាសមាជិកពេញសិទ្ធិ។ ទី២ គឺកម្ពុជាទទួលបានសិទ្ធិជាផ្លូវការ ក្នុងការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN YOUTH GAMES) លើកទី៥ នាឆ្នាំ២០២៩។ ទី៣ គឺកម្ពុជាទទួលបានជំនួយមួយចំនួនលើផ្នែកអប់រំស្មារតីអូឡាំពិក ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានសម្រេចផ្តល់ជំនួយកសាងសារមន្ទីរអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតេកតេជោ ដែលជាមជ្ឈមណ្ឌលអូឡាំពិកដ៏ធំមួយ ផ្ទុកនូវឯកសារប្រវត្តិនៃចលនាអូឡាំពិកជាតិរបស់យើង ហើយក៏ជាកន្លែងប្រមូលតាំងបង្ហាញសម្រាប់ការស្រាវជ្រាវនូវឯកសារកីឡាធំៗ អ្នកល្បីល្បាញនៅលើពិភពលោកផងដែរ។ នេះគឺជាលទ្ធផលធំៗចំនួន៣ ដែលកម្ពុជាទទួលបានពីអង្គមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤០ ប្រចាំឆ្នាំ២០២១។

ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន ក៏បានបន្ថែមទៀតថា”នេះជាបេសកកម្មជោគជ័យដ៏ត្រចេះត្រចង់ និងជាមហាកិត្តិយសរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឲ្យគណៈប្រតិភូកីឡាកម្ពុជា ចូលរួមក្នុងបេសកកម្មនាពេលនេះ និងទទួលបានលទ្ធផលជោគជ័យប្រកបដោយមោទនភាពបំផុត។”

ប្រភព: CAMBODIA SEA GAMES 2023