ខេត្តព្រៃវែង៖ ប្រជាកសិករម្នាក់ មានឈ្មោះ ឱន សាជុំ រស់នៅក្នុងភូមិព្រែកទូលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានចាប់របរដាំដើមពុទ្រា បេះផ្លែលក់ ដោយទទួលបានទិន្នផលដូចការររំពឹងទុក រកប្រាក់ចំណូលបានយ៉ាងងាយស្រួល ធ្វើឲ្យជីវិតភាពធូរធារ។លោក ឱន សាជុំ បានរៀបរាប់ថា មូលហេតុដែលធ្វើឲ្យគាត់ចាប់របរដាំដើមពុទ្រាបេះផ្លែលក់នេះ គឺដើមឡើយលោកបានទៅបណ្ដាខេត្តដទៃ ឃើញប្រជាពលរដ្ឋរស់នៅទីនោះបានដាំផ្លែពុទ្រានេះបានល្អហើយលោកក៏ចាប់អារម្មណ៍ មានគំនិតដាំដើមពុទ្រានេះតែម្តង ហើយឃើញថាវាឲ្យផលដូចអ្វីដែលគាត់បានរំពឹងទុកមែន ។
ចំពោះការដាំដើមពុទ្រានេះ គឺថាវាឲ្យផលលឿនដោយប្រើរយៈពេលត្រឹមតែ៦ ទៅ១០ខែប៉ុណ្ណោះ គឺទទួលបានផលហើយ។ ចំណែកតម្លៃផ្លែពុទ្រានេះ ក៏មានតម្លៃថ្លៃគួរសម ដោយលក់ក្នុងមួយគីឡូ ពី ៨ពាន់ ទៅ១ម៉ឺនរៀល តាមប្រភេទនៃផ្លែពុទ្រា តូច និងធំ ហើយក្នុងមួយថ្ងៃលោកលក់បានពី ១០ គីឡូទៅ ១៥ គីឡូផងដែរ។
កសិកររូបនេះ បន្តទៀតថា តម្លៃផ្លែពុទ្រា គឺមិនពិបាកក្នុងការលក់ដូរនោះទេ ហើយបានថ្លៃគួរសមផងដែរ ដោយសារតែនៅក្នុងស្រុកកំចាយមារនេះ ពុំសូវមានបងប្អូនប្រជាពលរដ្ឋកសិករណាដាំទេ ដោយសារពួកគាត់គិតថាពិបាកថែទាំ តែតាមពិតការដាំដើមពុទ្រា គឺងាយស្រួលណាស់ ។
លោក ឱន សាជុំ បញ្ជាក់ថា ផ្ទៃដីដែលលោកដាំដើមពុទ្រានេះ គឺមានទទឹង១៧ ម៉ែត្រ និងបណ្ដោយ ១៥០ ម៉ែត្រ ដែលគាត់ដាំដើមពុទ្រានិងដើមហូបផ្លែផ្សេងៗទៀតជាង១៧០ដើម ហើយបើបានផលចំណេញ ច្រើនលោកនឹងពង្រីកផ្ទៃដីដាំដើមទ្រា ឲ្យបានច្រើន ដើម្បីផ្គត់ផ្គង់ទីផ្សារ និងរកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ៕
Home កសិកម្ម