រាជធានីភ្នំពេញ ៖ ការកសាងជីវិតក្រោយរៀបអាពាហ៍ពិពាហ៍ពុំមែនជាការងាយស្រួលដូចការគិតទុករបស់មនុស្សស្រីគ្រប់រូបនោះឡើយ ព្រោះថាចរិតលក្ខណៈរបស់បុគ្គលម្នាក់ៗគឺមានភាពខុសប្លែកពីគ្នា។ យ៉ាងណាមិញ ចរិតលក្ខណៈមួយចំនួនរបស់ស្រ្តីដែលមានសំណាងមិនល្អ ក្រោយពេលរៀបការជីវិតនាងនឹងជួបតែសេចក្ដីទុក្ខ។ តើចរិតលក្ខណៈទាំងនោះមានអ្វីខ្លះ?

ទីមួយនោះគឺ ស្រ្តីទាំងឡាយណាដែលមានចិត្តទន់ជ្រាយ! នាងតែងតែរស់នៅតាមតែអារម្មណ៍នឹកឃើញ ដែលនេះក៏ជាកត្តាមួយបង្ហាញឲ្យឃើញពីជោគវាសនាក្រោយរៀបការរបស់នាងផងដែរ។ ព្រោះតែនាងមានចិត្តទន់ជ្រាយ នៅពេលដែលនាងមានស្នេហាឲ្យតែមនុស្សប្រុសយកចិត្តទុកដាក់បន្តិចបន្តួច ប្រព្រឹត្តល្អជាមួយបន្តិចបន្តួចនាងក៏ឆាប់គិតថាគេជាមនុស្សល្អបំផុតសម្រាប់នាង។ ជាក់ស្តែងនៅពេលដែលនាងរៀបការរួច មិនថាស្វាមីនាងធ្វើកំហុសដាក់នាងប៉ុណ្ណា លួចក្បត់ចិត្តនាងកម្រិតណា ឬធ្វើបាបរាងកាយនាងប៉ុណ្ណា គ្រាន់តែគេធ្វើល្អដាក់តែបន្តិចនាពេលក្រោយនាងក៏ភ្លេចរឿងកន្លង មិនយូរប៉ុន្មានស្វាមីនោះក៏ធ្វើទង្វើដដែលៗដាក់នាងបន្តទៀត ហើយអ្នកដែលទទួលរងទុក្ខវេទនានោះគឺខ្លួននាងនេះឯង។

ទីពីរនោះគឺ ស្រ្តីទាំងឡាយណាដែលគិតច្រើនគ្រប់រឿង! មនុស្សប្រុសតែងតែព្រងើយកន្តើយ ប៉ុន្តែមនុស្សស្រីច្រើនតែស្លន់ស្លោ និងមានមនោសញ្ចេតនា ជាហេតុធ្វើឲ្យនាងគិតច្រើនគ្រប់រឿង ដូច្នេះហើយ សម្រាប់ការគិតច្រើនពេក ខ្វល់ខ្វាយនឹងពាក្យសម្តីអចេតនារបស់បុរសច្រើនពេក ជួនកាលជាការបង្ហាញឱ្យឃើញពីមនុស្សស្រីដែលមានទុក្ខ។ ត្រឹមតែមួយឃ្លា សកម្មភាពតូចតាចគ្មានចេតនារបស់ប្តី អាចធ្វើអោយប្រពន្ធគិតថាប្តីលែងស្រលាញ់នាង មិនខ្វល់ពីនាងទៀតទេ មិនត្រូវការនាងទៀតទេ។ នាងតែងតែគិតគ្រប់រឿងដែលមនុស្សនិយាយជុំវិញខ្លួន តែងតែស្មានគំនិតអ្នកដ៏ទៃ តែងតែដើរជុំវិញភាពរញ៉េរញ៉ៃទាំងនោះ ដូច្នេះហើយទើបធ្វើឲ្យនាងមិនដែលមានអារម្មណ៍ល្អក្នុងចិត្តនោះឡើយ៕