រាជធានីភ្នំពេញ ៖ ជីវិតគឺជាការប្រណាំងប្រជែង គ្រាន់តែថាការប្រណាំងប្រជែងនោះមិនមែនតទល់ជាមួយអ្នកដទៃនោះទេ គឺវាជាការប្រណាំងប្រជែងជាមួយនឹងខ្លួនឯង។​ នៅពេលដែលអ្នកគិតថាអ្នកចង់ឲ្យជីវិតរបស់ខ្លួនបានល្អប្រសើរជាងអ្នកដទៃ អ្នកនឹងមិនមានថ្ងៃស្គាល់ខ្លួនឯងបានច្បាស់នោះឡើយ ហើយវាកាន់តែហត់ទៅទៀតប្រសិនបើអ្នកព្យាយាមដាក់សម្ពាធឲ្យខ្លួនឯងរត់ប្រជែងឲ្យលឿនជាងអ្នកដទៃនោះ។

ការដឹកនាំជីវិតឲ្យល្អប្រសើរទៅបានគឺពុំមែនដើម្បីធ្វើ្រគ្រប់យ៉ាងឲ្យបានលឿនជាងអ្នកដទៃនោះឡើយ ក៏ប៉ុន្តែវាគឺដើម្បីទៅឲ្យលឿនជាងខ្លួនឯង។ ជាការពិតណាស់ នៅពេលដែលអ្នកព្យាយាមរត់ប្រណាំងជាមួយអ្នកដទៃ ឬព្យាយាមយកជីវិតរបស់ខ្លួនទៅធ្វើការប្រៀបធៀបជាមួយអ្នកដទៃ នោះអ្នកខ្លួនឯងនឹងរកសេចក្ដីសុខគ្មាននោះទេ។

ការដឹកនាំជីវិត គឺតម្រូវឲ្យអ្នករត់លឿនជាងខ្លួនឯង មានន័យថាអ្នកត្រូវតែមានពេលវេលាថ្ងៃនេះល្អជាងថ្ងៃម្សិលមិញ ប្រសិនបើអ្នករស់នៅត្រាំត្រែងតែជាមួយភាពច្រំដែល គ្មានការអភិវឌ្ឍន៍ ឬគ្មានការរីកចម្រើនទាល់តែសោះនោះមានន័យថាអ្នកពុំព្រមឲ្យជីវិតរបស់ខ្លួនមានចំណុចល្អប្រសើរនោះឡើយ។ តើជីវិតអាចមានន័យខ្លឹមសារទៅរួចដែរឬទេ ប្រសិនបើអ្នកនៅតែរស់នៅក្នុងស្ថានភាពដ៏គួរឲ្យធុញទ្រាន់ដដែលៗនោះ?