រាជធានីភ្នំពេញ ៖ ការដែលមានជីវិតគឺវាពិតជាមិនងាយស្រួលនោះទេ ក៏ប៉ុន្តែអ្នកក៏ត្រូវតែរៀនស្វែងយល់ពីអ្វីដែលជីវិតកំពុងតែបង្រៀនអ្នកផងដែរ ព្រោះថារឿងទាំងឡាយដែលកើតមានឡើងក្នុងជីវិតនេះមិនមែនសុទ្ធតែឥតប្រយោន៍នោះទេ ជាក់ស្តែងដូចជារឿងទាំងឡាយណាដែលធ្វើឲ្យអ្នកមានអារម្មណ៍មួរម៉ៅក្តៅក្រហាយ ឬឈឺចាប់មានន័យថានេះគឺជាមេរៀនដែលបង្រៀនអ្នកឲ្យមានភាពអត់ធ្មត់ជាងមុន។

យ៉ាងណាមិញ នៅក្នុងពេលដែលអ្នកកំពុងតែជួបរឿងលំបាក ធ្លាក់ខ្លួនក្នុងពិភពបញ្ហា ប៉ុន្តែបែរជាមនុស្សមួយចំនួនដែលអ្នកគិតថាល្អងាកដើរចេញពីអ្នកនោះមានន័យថាគេទាំងនោះកំពុងតែបង្រៀនអ្នកឲ្យចេះប្រឹងក្រោកឈរដោយខ្លួនឯង មានភាពរឹងមាំច្រើនជាងមុន និងធ្វើឲ្យអ្នកស្គាល់ពីភាពពិតនៃមនុស្សទាំងនោះ។

ជាមួយគ្នានេះដែរនៅពេលដែលអ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពគាបសង្កត់ផ្នែកផ្លូវចិត្តមកកាន់អ្នក វានឹងជម្រុញឲ្យអ្នកចេះរើបម្រាស់ ហ៊ានបញ្ចេញមតិ និងហ៊ាននិយាយនូវអ្វីដែលអ្នកកំពុងតែត្រូវការពិតប្រាកដ។ សូមកុំគិតថារាល់បញ្ហាទាំងអស់សុទ្ធតែផ្តល់តែទុក្ខលំបាកមកដល់អ្នក សូមគិតថាវាសុទ្ធតែជាមេរៀនសម្រាប់អ្នក ហើយព្យាយាមបកស្រាយក្នុងផ្លូវវិជ្ជមានសម្រាប់ជីវិតផងដែរ៕