រាជធានីភ្នំពេញ ៖ លោកឪពុកគ្រប់រូបដែលមានកូនស្រីរមែងប្រាថ្នាចង់ឲ្យកូនរបស់ខ្លួនអាចរស់នៅក្នុងសេចក្ដីសុខ សុភមង្គលបានជានិច្ចដរាប អាចរៀបការជាមួយបុរសដ៏ល្អម្នាក់មានទាំងសន្តានចិត្តល្អ និងមានទ្រព្យសម្បត្តិអាចចិញ្ចឹមកូនស្រីរបស់ខ្លួនបាន ក៏ប៉ុន្តែមុននឹងអ្នកចង់ឲ្យកូនស្រីរបស់អ្នកអាចមានជីវិតដ៏សមប្រកបមួយទៅបានអ្នកត្រូវតែដុសខាត់ចិត្តគំនិតរបស់នាង រួមផ្សំជាមួយនឹងបង្រៀននាងឲ្យយល់ដឹង និងស្គាល់ពីសង្គមជីវិតដែលនាងនឹងត្រូវទៅប្រឡូកនៅថ្ងៃខាងមុខ។

ក្នុងនាមជាឪពុកអ្នកអាចបង្រៀនកូនស្រីជាទីស្រឡាញ់របស់ខ្លួនឲ្យចេះស្រឡាញ់ និងមានជំនឿជាក់មកលើខ្លួនរបស់នាងផ្ទាល់ ព្រោះថាការធ្វើបែបនេះនាងអាចចេះគ្រប់គ្រងជោគវាសនាអនាគតរបស់នាង អាចដើរនៅលើវិថីជីវិតមួយដ៏មានអត្ថន័យពេញលេញពិតប្រាកដ។ អ្នកត្រូវដុសខាត់ និងបង្រៀននាងឲ្យក្លាយទៅជានារីម្នាក់ដែលអាចមានសមត្ថភាពរកប្រាក់ដោយខ្លួនឯងក្នុងផ្លូវសុចរិត ព្រោះការធ្វើបែបនេះអ្នកនឹងមិនមានការបារម្ភថាទៅថ្ងៃមុខនាងនឹងរស់នៅលំបាកបែបណា តើនាងនឹងត្រូវរៀបការជាមួយបុរសណាម្នាក់នោះទេ។

ក្នុងនាមជាឪពុកដ៏ល្អម្នាក់ អ្នកត្រូវយកចិត្តទុកដាក់ទៅការរៀនសូត្ររបស់នាង អ្នកត្រូវហ៊ានចំណាយប្រាក់សម្រាប់ការរៀនសូត្ររបស់នាង ជាជាងប្រឹងសន្សំលុយទុកសម្រាប់តែថ្ងៃរៀបមង្គលការរបស់នាង ព្រោះការរៀនសូត្រនឹងធ្វើឲ្យជីវិតនាងអាចផ្លោះចេញពីភាពលំបាកលំបិន ហើយនាងនឹងក្លាយជាមនុស្សដែលសង្គមត្រូវការថែមទៀតផង៕