រាជធានីភ្នំពេញ ៖ មនុស្សម្នាក់ៗរមែងកើតមកប្រាថ្នាជីវិតដែលល្អប្រសើរ មានជីវិតមួយដ៏រីករាយ មានស្នាមញញឹ​ម និងអាចជោគជ័យនូវរាល់អ្វីដែលខ្លួនបានធ្វើ។ គ្រប់គ្នាសុទ្ធតែចង់កើតមកនៅក្នុងត្រកូលគ្រួសារអ្នកដែលមានទ្រព្យសម្បត្តិស្តុកស្តម មានសំលៀកបំពាក់ល្អៗ មានមាសប្រាក់ អាចរៀនសាលាល្អៗ ជាពិសេសអាចមានពេលវេលាកម្សាន្តសប្បាយនៅរាល់ពេលដែលខ្លួនគេចង់។ ក៏ប៉ុន្តែជីវិតគឺវាពុំអាចតម្រូវទៅតាមការចង់បានឥតព្រំដែនរបស់អ្នកឡើយ ព្រោះភាពពិតជាក់ស្តែងគឺវាស្ថិតនៅត្រង់សេចក្ដីពិតតែម្យ៉ាងប៉ុណ្ណោះ។

ជាការពិតណាស់អ្នកមិនអាចកំណត់កំណើតរបស់ខ្លួនបាននោះឡើយ អ្នកមិនអាចបញ្ជាថាអ្នកត្រូវតែកើតជាមួយនរណាម្នាក់បាននោះឡើយ ក៏ប៉ុន្តែអ្វីដែលអ្នកអាចកំណត់ជីវិតរបស់អ្នកបាននោះគឺការគិតដ៏ត្រឹមត្រូវមួយ ជាមួយនឹងការខិតខំប្រឹងប្រែងដើម្បីជម្នះរាល់បញ្ហាដែលអ្នកតែងតែជួបប្រទះជារៀងរាល់ថ្ងៃ។

ក្នុងសង្គមជីវិត ដើម្បីទទួលបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់មួយ អ្នកអាចឆ្លងកាត់ការបរាជ័យច្រើនរាប់អស់ ប៉ុន្តែប្រសិនបើនៅពេលដែលអ្នកបរាជ័យហើយមិនព្យាយាមប្រឹងប្រែងរៀនសូត្រពីមេរៀនបរាជ័យនោះទេ ជីវិតអ្នកក៏មិនអាចជោគជ័យបានដូចគ្នា វាប្រៀបបានទៅនឹងការលើកឡើងថាជីវិតរបស់មនុស្សគឺមានឡើងមានចុះ ប៉ុន្តែប្រសិនបើវាចុះរហូតនោះមានន័យថាវាជាកំហុសរបស់អ្នកខ្លួនឯង៕