រដ្ឋធានីដាម៉ាស់ (Damascus)៖ កងទ័ពរបស់អ៊ីស្រាអែល បានបាញ់ផ្លោងកាំជ្រួចជាច្រើនគ្រាប់ សំដៅទៅលើទឹកដី នៃប្រទេសស៊ីរី ប៉ុន្ដែត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះ ស្ទាក់ចាប់កម្ទេចចោល កាលពីយប់ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១។

បើតាមទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ បានចេញផ្សាយក នៅព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២១ ថា កងទ័ពអ៊ីស្រាអែលបានបាញ់មីស៊ីល សំដៅទៅកាន់តំបន់ឆ្នេរសមុទ្រ និង ខេត្ត Homs នាភាគកណ្ដាលប្រទេសស៊ីរី។ ប៉ុន្ដែគ្រាប់មីស៊ីលទាំងនោះ មិនបានហោះទៅដល់គោលដៅនោះឡើយ ដោយសារប្រព័ន្ធការពារដែលអាកាសរបស់ស៊ីរី បានស្ទាប់ចាប់កម្ទេចចោល។

ដោយឡែកបណ្ដាញផ្សព្វផ្សាយ ក្នុងស្រុក បានឲ្យដឹងថា កងទ័ពអ៊ីស្រាអែលបានវាយប្រហារទៅលើទីតាំងនៅក្បែរតំបន់រដ្ឋបាល Tartus បានបណ្ដាលឲ្យរងការខូចខាតមួយចំនួន ហើយទាហានស៊ីរី២នាក់ ក៏បានរងរបួសផងដែរ។ ចំណែកប្រជាជនរស់នៅតំបន់ ក៏បានឮសំឡេងផ្ទុះ លាន់យ៉ាងកក្រើក ខណៈប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី កំពុងឆ្លើយតប ទៅលើគ្រាប់មីស៊ីលរបស់កងទ័ពអ៊ីស្រាអែល។

បើតាមសារព័ត៌មានរដ្ឋស៊ីរី SANA បានផ្សាយថា ប្រព័ន្ធការពារដែនអាកាសស៊ីរី បានបាញ់កម្ទេចគ្រាប់មីស៊ីលអ៊ីស្រាអែលស្ទើរតែទាំងអស់ ខណៈបាញ់ចេញពីដែនអាកាសរបស់លីបង់។អ៊ីស្រាអែល តែងតែអះអាងថា ពួកគេវាយប្រហារទៅលើគោលដៅ ដើម្បីកម្ទេចកងទ័ពលាក់ខ្លួនរបស់អ៊ីរ៉ង់ ឬទីតាំងលាក់សព្វាវុធរបស់ស៊ីរី ដែលអាចគំរាមកំហែងដល់សន្តិសុខរបស់អ៊ីស្រាអែល៕