បរទេស៖ បច្ចុប្បន្ន ស្ថានភាព នៃការឆ្លង និងស្លាប់ ដោយជំងឺកូវីដ១៩ នៅក្នុងប្រទេសរុស្ស៊ី នៅតែមានសភាពធ្ងន់ធ្ងរជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។

បើតាមគេហទំព័រ Worldometer បានចេញផ្សាយ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ថា រុស្ស៊ីបានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន៣៩ ១៦៥នាក់ និងមានករណីស្លាប់ថ្មី ១ ១៧៩នាក់។ នេះជាចំនួនឆ្លងថ្មី និងករណីស្លាប់ថ្មី ដោយកូវីដ-១៩ច្រើនជាងបណ្ដាប្រទេសនានា នៅលើពិភពលោក។ រុស្ស៊ី មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ជាង៨,៧លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ២៤៦ ៨១៤នាក់ និង មានអ្នកជាសះស្បើយ ជាង៧,៥លាននាក់។

ដោយឡែក ចិនជាប្រទេសដើមកំណើតជំងឺកូវីដ១៩ រកឃើញករណីថ្មី ចំនួន៧៤នាក់ តែមិនមានករណីស្លាប់ថ្មី។ ចិនឈរនៅលើលេខរៀងទី១១៣ នៃប្រទេសមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក ដោយមានអ្នកឆ្លងសរុប ៩៧ ៧៣៤នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកស្លាប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩១ ៩២៩នាក់។ ចំណែកអ្នកជំងឺ ចំនួន ១ ១៦៩នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕