រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញមកច្រានចោលចំពោះលិខិតក្លែងក្លាយ ដែលត្រូវបានផ្សព្វផ្សាយតៗគ្នាថា ក្រសួងសម្រេចឲ្យសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) កំណត់ឲ្យជាប់ជាស្ថាពរ ដោយមិនកំណត់និទ្ទេស។លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា «លិខិតដែលផ្សព្វផ្សាយអំពីការជាប់ជាស្ថាពរ របស់បេក្ខជននោះ គឺជាលិខិតក្លែងក្លាយ ក្រសួងអប់រំ សូមច្រានចោលលិខិតក្លែងក្លាយនោះ»។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់កាលបរិច្ឆេទប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ និងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសលទ្ធផលនៅថ្ងៃទី២៨-២៩ ខែធ្នូ ឆ្នាំ២០២១៕