ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសជប៉ុន ដោយសុវត្ថិភាពហើយ ដើម្បីត្រៀមការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ពូល K នាសប្ដាហ៍ក្រោយ។
សម្រាប់បេក្ខភាពពូល K ដែលត្រូវប្រជែងកៅអីវគ្គបន្ដ នៃពានរង្វាន់យុវជន U-23 ជើងឯកទ្វីបអាស៊ីនេះ មាន៣ក្រុម រួមមាន កម្ពុជា ហុងកុង និងម្ចាស់ផ្ទះជប៉ុន។ ចំពោះកម្មវិធីប្រកួត ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួប U-23 ហុងកុង នាថ្ងៃទី២៣-តុលា មុនជួបក្រុមម្ចាស់ផ្ទះ U-23 ជប៉ុន នាថ្ងៃទី២៦-តុលា នៅកីឡដ្ឋាន J-Village ខេត្ត Fukushima តែមួយប៉ុណ្ណោះ។
គួរដឹងថា ក្រុមជម្រើសជាតិ U-23 កម្ពុជា បានបន្ដដំណើរទៅប្រទេសជប៉ុន កាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ ក្រោយបញ្ចប់បេសកកម្មជាមួយក្រុមជម្រើសជាតិកម្ពុជា (ក្រុមធំ) ក្នុងការប្រកួតជម្រុះ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន កាលពីថ្មីៗ ដោយបានយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិកទាំង ២ជើង ក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅវគ្គជម្រុះជុំទី៣។
បន្ទាប់ពីបញ្ចប់បេសកកម្មខាងលើ កីឡាករភាគច្រើនដែលមានអាយុក្រោម២៣ឆ្នាំ ត្រូវបន្ដបេសកកម្មថ្មីនៅប្រទេសជប៉ុន។ រីឯកីឡាករជម្រើសជាតិកម្ពុជា ១០នាក់ ត្រូវធ្វើដំណើរត្រឡប់មកមាតុភូមិមុន លើកលែងកីឡាករជម្រើសជាតិ ៦រូប ដែលឆ្លងជំងឺកូវីដ-១៩ អំឡុងពេលជួយក្រុមគោព្រៃកម្ពុជា នៅបារ៉ែន ដែលត្រូវបន្ដសម្រាកព្យាបាលនៅទីនោះ រហូតដល់ជាសះស្បើយ ទើបត្រឡប់មកមាតុភូមិវិញ។
ដូច្នេះ សូមជូនពរក្រុមជម្រើសជាតិ U-23 កម្ពុជា ជួបតែសំណាងល្អ និងទទួលបានជោគជ័យក្នុងការប្រកួតជម្រុះពានរង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ដើម្បីឡើងទៅវគ្គបន្ដ ហើយក៏សូមជូនពរកីឡាករ ៦រូប រួមមាន ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី ដែលកំពុងសម្រាកព្យាបាលនៅប្រទេសបារ៉ែន ឆាប់ជាសះស្បើយ និងត្រឡប់មកកម្ពុជាវិញផងដែរ៕
ប្រភព: CAMBODIA SEA GAMES 2023