ដំណាំ ទំពាំងបារាំងសរីរាង្គនៅខេត្តមណ្ឌលគរី មានទីផ្សារល្អ ដោយទទួលបានការគាំទ្រខ្លាំងពីអតិថិជន ដោយសារវាមាន រសជាតិឆ្ងាញ់ហើយផ្តល់អត្ថប្រយោជន៍ច្រើនសម្រាប់ជំនួយសុខភាពអ្នកបរិភោគ ។

ទទួលបានព័ត៌មានថ្មីៗទាន់ហេតុការណ៍រាល់ថ្ងៃ សូមចូលទៅកាន់ Channel Telegram KBN News

លោកស្រី សៅ សុគន្ធា កសិករដាំដំណាំទំបាំងបារាំងសរីរាង្គ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់ផ្ដើមដាំដំណាំសរីរាង្គនេះ អស់រយៈពេល១ឆ្នាំមកហើយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅតាមបណ្តា រាជធានី-ខេត្ត ផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋ ទិញយកទៅបរិភោគ ។

លោកស្រីបានបន្តថា ដំណាំទំពាំងបារាំងនេះ មានអត្ថប្រយោជន៍ច្រើន សម្រាប់ជួយដល់សុខភាពមនុស្ស ដូចជា៖ ជួយលាងសម្អាត ជាតិពុលក្នុងសសៃឈាម, ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម, ជួយប្រឆាំងនឹងជំងឺមហារីក, និងជួយសម្រួលដល់ការបន្ទោបង់ជាដើម ។ លោកស្រីបានបន្ថែមថា ដំណាំប្រភេទនេះ ត្រូវដាំក្នុងរយៈពេល៦ខែ ហើយត្រូវការស្រោចទឹកម្ដងក្នុង១ថ្ងៃនៅរដូវប្រាំង ក្នុងអំឡុងពេល ២ខែ ត្រូវការដាក់ជីម្ដង និងក្រោយពីការដាក់ជីអស់រយៈពេល៦ខែ គឺកសិករ អាចប្រមូលផលបានជារៀងរាល់ថ្ងៃ។ លោកស្រីបញ្ជាក់ថា មូលហេតុដែលលោកស្រីដាំដំណាំទំពាំងបារាំងសរីរាង្គនេះ ដោយសារដំណាំប្រភេទនេះ មានទីផ្សារល្អ និងមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពអ្នកបរិភោគ និងអ្នកដំា។

 ដើមហេតុដំបូងមិត្តភក្តិគាត់ឱ្យខ្ញុំញុំា ពេលញុំាទៅវាមានរសជាតិឆ្ងាញ់ ខ្ញុំក៏មានគម្រោងដាំលក្ខណៈគ្រួសារ ប៉ុន្តែពេលយើង ដាំទៅ យើងមើលឃើញព័ត៌មានឃើញថាទីផ្សារល្អ ហើយមានការនិយម ភ្ញៀវចូលចិត្តច្រើន ដោយសារវាមានប្រយោជន៍ច្រើនយ៉ាង ពីទំពាំងបារាំងហ្នឹង ខ្ញុំក៏ចាប់ផ្ដើមដាំវា តែក៏មិនហ៊ានដាំច្រើនដែរ ដាំសមល្មម ព្រោះយើងដាំតាមបែបធម្មជាតិ យើងអត់ប្រើថ្នាំពុល អត់ជីគីមីទេ ចឹងវាពិបាកក្នុងការថែទាំស្មៅ។

លោកស្រីក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ឱ្យជួយគាំទ្រដំណាំសរីរាង្គនេះ ដែលជាដំណាំរបស់កសិករខ្មែរដាំ ដើម្បីជួយលើកស្ទួយ វិស័យកសិកម្មក្នុងស្រុកផង និងជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋផង។

សូមបញ្ជាក់ថា ដំណាំទំពាំងបារាំងសរីរាង្គរបស់លោកស្រី សៅ សុគន្ធា នេះ បានដាំតាំងពីឆ្នាំ២០២០ លើផ្ទៃដី១ហិកតា ស្មើនឹង២០០០គុម្ព ។ សម្រាប់តម្លៃទំពាំងបារាំង បោះដុំលេខ១ ក្នុង១គីឡូក្រាម១៦,០០០រៀល, រីឯទំពាំងបារាំងលេខ២ ក្នុង១គីឡូក្រាម មានតម្លៃ ១២,០០០រៀល, ចំណែកគ្រាប់ពូជវិញ ១គីឡូក្រាមមានតម្លៃ១លានរៀល, និងកូនពូជទំពាំងបារាំង មានតម្លៃចន្លោះ២០០០រៀល ទៅ ៤០០០រៀល តាមកម្ពស់របស់វា៕May be an image of food

ប្រភព:​ក្រសួងព័ត៌មាន