វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ គ្រោង​នឹង​រៀប​ចំ​ពិ​ធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ នា​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០២១។ នេះ​បើ​តាម​ប្រ​សាសន៍​របស់​ឯក​ឧត្តម​បណ្ឌិត ថោង ខុន រដ្ឋ​មន្ដ្រី​ក្រ​សួង​ទេស​ចរណ៍ និង​ជា​អនុ​ប្រ​ធាន​អចិន្ដ្រៃយ៍ នៃ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​អា​ស៊ី​អា​គ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ចាំ​សប្ដាហ៍ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ។May be an image of 1 person and sitting
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បាន​បញ្ជាក់ថា អង្គប្រ​ជុំ​ខាង​លើ បាន​លើក​ឡើង​អំពី​ការ​ត្រៀម​រៀបចំពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ «វិមានកីឡដ្ឋាន នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរ​តក​តេជោ» បន្ទាប់​ពី​សមិទ្ធ​ផល​ប្រ​វត្តិ​សាស្ដ្រ​ដ៏​អស្ចារ្យ​នេះ ត្រូវ​បាន​រៀប​ចំ​ពិធី​ប្រ​គល់-ទទួល​លក្ខណៈ​បច្ចេក​ទេស​រួច​រាល់ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​កន្លង​ទៅ។ ដូច្នេះ​ពិធី​សម្ពោធ​នេះ តាម​គម្រោង​នឹង​រៀប​ចំ​នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ។May be an image of 1 person, sitting and standing
ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា «ដោយ​មាន​ការ​ណែនាំ​ផ្ទាល់​ពី​ឯក​ឧត្តម​បណ្ឌិត ថោង ខុន ពិធី​សម្ពោធ​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស័ក្ដិ​សម​ទៅ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ម​ហិ​មា និង​ស័ក្ដិ​សម​ជា​និមិត្ត​រូប នៃ​ចំ​ណង​មិត្ត​ភាព​ដែក​ថែប​​ដ៏យូ​រ​អង្វែង​រវាង​កម្ពុជា-ចិន។ អញ្ចឹង​កម្ម​វិធី​នេះ មាន​ទាំង​កម្ម​វិធី​សិល្បៈ​វប្ប​ធម៌​ផង មាន​ទាំង​កម្ម​វិធី​កីឡា​ផង ដែល​យើង​កំពុង​ស្វែង​រក​នូវ​ប្រ​ភេទ​កីឡា​ណា ដែល​អាច​ប្រ​កួ​ត​ជា​មិត្ត​ភាព​កម្ពុជា​-​ចិន​បាន»។No photo description available.
«ដូច្នេះឥលូវនេះ យើងកំពុងរៀបចំគណៈ​កម្មការរៀប​ចំ​ពិធី​សម្ពោធ​នេះ ដែល​គ្រោង​រៀប​ចំ​ឡើង​ក្រោម​អ​ធិ​ប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​តេ​ជោ​នា​យក​រដ្ឋ​មន្ដ្រី ហើយ​និង​ធ្វើ​ឲ្យ​កម្ម​វិធី​នេះ ក្លាយ​ទៅជា​ព្រឹត្តិ​ការណ៍​មួយ ដែល​បើក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ស៊ីហ្គេម និង​អា​ស៊ាន​ប៉ារ៉ា​ហ្គេម ឆ្នាំ​២០២៣ របស់​យើង។ ឯក​ឧត្តម​បណ្ឌិត ថោង ខុន បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា យើងរួស​រាន់​ធ្វើឲ្យទាន់ពេលវេលា និង​ធ្វើ​ឲ្យ​មាន​ប្រ​សិទ្ធ​ភាព ហើយ​ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​តាម​កិត្តិ​យស​នៃ​មរ​តក​ដ៏​មហា​សាល​នេះ»។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែម។May be an image of text
សូមរំឮកថា កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ វិមាន​កីឡ​ដ្ឋាន នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ម​រ​តក​តេជោ ត្រូវបានរៀបចំពិធីប្រគល់-ទទួល ក្រោម​អធិប​តីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន។May be an image of outdoors
វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង ដែលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ «ខ្សែក្រវ៉ាត់ និងផ្លូវ» ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ប្រមាណ ១៥០លានដុល្លារអាមេរិក។May be an image of ‎outdoors and ‎text that says '‎ه #SPORTSLIVEINPEACE‎'‎‎
សំណង់ប្រវត្តិសាស្ដ្រដ៏មហាអស្ចារ្យនេះ បានសាងសង់លើផ្ទៃដី ១៦,៤ហិកតា ផ្ទៃក្រឡាសំណង់អាគារ ៨៦,០០០ម៉ែត្រការ៉េ ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៦ម៉ឺនកៅអី ហើយសមិទ្ធផលស្ដង់ដារអន្ដរជាតិនេះ នឹងក្លាយជាទីតាំងដ៏សំខាន់ សម្រាប់ត្រៀមរៀបចំពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕
ប្រភព: CAMBODIA SEA GAMES 2023