បរទេស៖ គយចិនដីគោក​ សម្រេចផ្អាកការនាំចូលផ្លែទៀប និងផ្លែជម្ពូ ពីកោះតៃវ៉ាន់ ចាប់ពីថ្ងៃច័ន្ទ ទី២០ ខែកញ្ញានេះបន្ទាប់ពីការត្រួតពិនិត្យជាច្រើនបានរកឃើញមានសត្វល្អិតចង្រៃនៅក្នុងផ្លែឈើត្រូពិចទាំងពីរនៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន globaltimes

យោងតាមសេចក្តីជូនដំណឹងមួយដែលត្រូវបានបោះពុម្ពផ្សាយនៅលើគេហទំព័ររបស់អគ្គនាយកដ្ឋានគយ (GAC) កាលពីថ្ងៃអាទិត្យ អាជ្ញាធរគយបានប្រកាសផ្អាកមិនឲ្យកោះតៃវ៉ាន់ នាំចូលផ្លែទៀប និងផ្លែជម្ពូ ចូលក្នុងទឹកដីចិនឡើយដោយអាជ្ញាធរបានលើកឡើងយ៉ាងច្បាស់ៗថា ផ្លែឈើទាំង២មុខនេះមានសត្វល្អិត (planococcus) ដែលសត្វនេះស្រដៀងខ្មែរយើងហៅថា ចៃរុក្ខជាតិ ហើយបានរកឃើញជាច្រើនដងក្នុងការនាំចូលផ្លែឈើក្នុងឆ្នាំនេះ។

ខណៈការហាមឃាត់កើតមានឡើងប៉ុន្មានថ្ងៃមុន បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា មន្រ្តីអាមេរិកកំពុងពិចារណាផ្លាស់ប្តូរឈ្មោះបេសកកម្មតៃវ៉ាន់ នៅវ៉ាស៊ីនតោនទៅជា“ ការិយាល័យតំណាងតៃវ៉ាន់” អាចបង្កឱ្យមានការប៉ាន់ស្មានយ៉ាងងាយស្រួលថា តើវាជាការព្រមានផ្នែកសេដ្ឋកិច្ចឬយ៉ាងណា? អ្នកជំនាញបាននិយាយថា វាគឺជាវិធានការការពារជីវសុវត្ថិភាព។

Planococcus គឺជាសត្វល្អិតដែលមានរុក្ខជាតិជាង២៥០ប្រភេទ ហើយអាចបង្កអន្តរាយដល់ផ្លែឈើត្រូពិចព្រមទាំងដំណាំផងដែរ ជាពិសេសសត្វល្អិតនេះអាចបង្កើតការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរនៅទូទាំងឧស្សាហកម្មផ្លែឈើទៀតផង។

នេះមិនមែនជាលើកទីមួយទេដែលចិនដីគោកបានដាក់បម្រាមលើការនាំចូលផ្លែឈើពីកោះតៃវ៉ាន់ ដែលការហាមឃាត់ការនាំចូលបង្កឱ្យមានការត្អូញត្អែរក្នុងចំណោមអ្នកនយោបាយតៃវ៉ាន់ ដោយចោទថា ការហាមឃាត់នេះគឺដើម្បីដាក់ទណ្ឌកម្មលើកោះនេះ។ ជាការឆ្លើយតបលោក Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបាននិយាយថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដើម្បីការពារផលិតកម្មកសិកម្ម និងសន្តិសុខអេកូឡូស៊ីនៅលើដីគោក។ លោក Zhu ក៏បានកត់សម្គាល់ផងដែរថា ចិនដីគោកក៏បានជូនដំណឹងដល់កោះតៃវ៉ាន់អំពីបញ្ហាសត្វល្អិតទាំងអម្បាលម៉ានផងដែរ ៕