រាជធានីភ្នំពេញ ៖ តើអ្វីដែលធ្វើឲ្យជីវិតរបស់អ្នករបស់នៅប្រកបដោយសេចក្ដីសុខ? នេះគឺជាសំនួរមួយដែលអ្នកត្រូវសួរខ្លួនឯង។ មនុស្សម្នាក់ៗមានចក្ខុវិស័យក្នុងការរស់នៅដើម្បីស្វែងរកសេចក្ដីសុខតាមវិធីខុសៗគ្នា។ អ្នកខ្លះគិតថាការផ្សងព្រេងគឺជាសេចក្ដីសុខរបស់គេ, ឯអ្នកខ្លះទៀតគិតថាទាល់តែអាជីវកម្មរបស់គេរីកចម្រើនទើបជាក្ដីសុខពិតសម្រាប់ខ្លួនគេ។ គំនិតដែលមានការគិតផ្សេងៗគ្នារបៀបនេះហើយ ដែលធ្វើឲ្យមនុស្ស គឺជាសត្វដែលគួរឲ្យចាប់ជាងគេក្នុងលោក។ ប៉ុន្តែតើអ្វីដែលអាចធ្វើឲ្យជិវិតមានគុណភាពពិតប្រាកដ?
១. ព្យាយមបណ្តុះសុទិដ្ឋិនិយម។
នៅពេលដែលអ្នកព្យាយាមគិតទៅលើរឿងដែលមានភាពវិជ្ជមានឲ្យបានរឿយៗ អ្នកអាចនឹងត្រូវបានគេដឹងថាជាមនុស្សដែលមានអាកប្បករិយាល្អ។ អ្នកអាចហ៊ានប្រឈមមុខទៅនឹងបញ្ហាចម្បងជាច្រើនបាន ហើយអាចដោះស្រាយបញ្ហាទាំងនោះបានដោយងាយស្រួល។ នៅក្នុងដំណើរស្វែងរកជីវិតដែលមានសេចក្ដីសុខដ៏ល្អមួយ អ្នកត្រូវមានការរំពឹងទុកដោយភាពវិជ្ជមាន និងជឿថាអ្នកអាចធ្វើវាបាន។ ការបណ្តុះសមត្ថភាពឲ្យមានគំនិតសុទិដ្ឋិនិយម គឺមានប្រយោជន៍ចំពោះខ្លួនអ្នក ដែលរួមផ្សំទាំងភាពជោគជ័យផងដែរ។ អ្នកអាចសាកល្បងធ្វើបាន!

២. រស់នៅជាមួយនឹងបច្ចុប្បន្នភាព
អ្នកកំពុងតែនៅទីនេះ! ក្នុងពេលនេះ! ហេតុនេះអ្នកគួរតែធ្វើអ្វីដែលជាបច្ចុប្បន្នភាពក្នុងពេលនេះឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ ឈប់ប្រើគំនិតរាយមាយតែទៅលើអតីតកាល ឬក៏គួរតែឈប់ព្រួយបារម្ភពេកតែទៅលើរឿងអនាគតទៅ ព្រោះគ្រប់យ៉ាងដែលអ្នកកំពុងគិតនេះគ្រាន់តែជាគំនិតផុសចេញមួយភ្លែតៗប៉ុណ្ណោះ។ អ្នកគួរតែរស់នៅដោយភាពរីករាយជាមួយនឹងបទពិសោធន៍ថ្មីក្នុងបច្ចុប្បន្នភាពនៃពេលនេះ ឥឡូវនេះ។
៣. ត្រូវតែមានភាពច្បាស់លាស់
នៅពេលដែលអ្នកមានភាពច្បាស់លាស់នៅក្នុងខ្លួន អ្នកនឹងលែងជឿទៅលើការស្រមើស្រមៃដែលមិនមានភាពសំខាន់តទៅទៀតហើយ។ ពេលដែលអ្នកច្បាស់លាស់ខ្លួនឯង អ្នកក៏លែងរស់នៅក្នុងពិភពនៃការប្រៀបធៀបពីសង្គមតទៅទៀតដែរ មានន័យថាអ្នកគឺកំពុងតែរត់ប្រណាំងជាមួយនឹងខ្លួនឯង។ ហេតុនេះចូរអ្នកចំណាយពេលវេលាដែលមានគុណភាពជាមួយនឹងភាពច្បាស់លាស់ពិតប្រាកដ។

៤. ហ៊ានផ្តល់ឲ្យ
អ្នកត្រូវហ៊ានចូលរួមទៅលើសកម្មភាពសប្បុរសធម៌ នោះវានឹងធ្វើឲ្យចិត្តអ្នករីករាយ។ ការផ្តល់ឲ្យគឺជាសេចក្ដីសុខដែលអ្នកអាចមានទាំងផ្លូវកាយ និងផ្លូវចិត្ត។ អ្នកអាចផ្តល់ជាជំនួយដល់នរណាម្នាក់ដែលកំពុងតែមានបញ្ហា វេលាក្រោយមកទៀតបើទោះបីជាអ្នកខ្លួនមានបញ្ហាក៏គង់នឹងមានម្នាក់ផ្សេងគេអាចនឹងជួយមកអ្នកវិញ។ នេះមិនមែនជាការចង់បានតបស្នងមកវិញទេ ប៉ុន្តែវាជាភារកិច្ចក្នុងនាមជាមនុស្សជាតិ។
៥. ទំនាក់ទំនង
ជាការពិតណាស់ មនុស្សគ្រប់រូបគឺត្រូវមានទំនាក់ទំនងផ្សាភ្ជាប់ខ្លួនឯងជាមួយនឹងអ្នកដទៃទាំងក្នុងសហគមន៍ និងពិភពលោកផងដែរ។ ការផ្សារភ្ជាប់ខ្លួនឯងនឹងអ្នកដទៃបែបនេះ គឺជាការស្វែងរកថាមពលផ្លូវចិត្តពីផ្នែកខាងក្រៅ នេះគឺជាការស្វែងរកផ្លូវជីវិតដ៏រីករាយមួយបានដែរ៕
អត្ថបទដោយ ៖ ប៊ុត បឋវី