ភ្នំពេញ៖ មានប្រិយមិត្ត KBN ម្នាក់សុំមិនបង្ហាញឈ្មោះ បានផ្ដល់ព័ត៌មាន​ ដោយមានចម្ងល់យ៉ាងដូច្នេះថា​ ខណៈដែលខ្លួនកំពុងធ្វើ់ដំណើរតាមដងផ្លូវមួយខ្សែ នៅទឹកដីខណ្ឌបឹងកង ស្រាប់តែទូរស័ព្ទរោទ៍ ហើយខ្លួនក៏យកទូរស័ព្ទមកកាន់មើលលេខ រួចក៏ចុចបិទសំឡេង ពុំបានទទួលនិយាយឆ្លងឆ្លើយឡើយ ។ ប៉ុន្តែត្រូវបានប៉ូលិសហៅឈប់ ដើម្បីផាកពិន័យ ដោយផ្អែកលើច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានចែងក្នុងអនុក្រឹត្យលេខ៣៩ អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រាល់ការប្រើប្រាស់ ឬនិយាយទូរស័ព្ទពេលកំពុងបើកបរដោយគ្មានឧបករណ៌ភ្ជាប់ទំនាក់ទំនង ដូច្នេះត្រូវផាកពិន័យជាទឹកប្រាក់ ១២០ ០០០ រៀល ។

រូបតំណាង
រូបតំណាង

យ៉ាងណាមិញ ក្រោយពីមានការជជែកវែកញែកបានមួយស្របក់ ស្រាប់តែប៉ូលិសចរាចរបានសម្រួលថា ប្រសិនបើផាកតាមច្បាប់ និយាយទូរស័ព្ទពេលបើកបរ គឺអស់ ១២០ ០០០ រៀល តែបើមិនចង់អស់ច្រើនដូចនេះ មានតែប្ដូរទៅជាទោស មិនពាក់ខ្សែក្រវ៉ាត់គឺអស់ត្រឹម ៧៥០០០ រៀលប៉ុណ្ណោះ ។

ប្រភពបានបន្តថា ដោយសារខ្លួនរវល់មិនចង់ជជែកវែកញែកវែងឆ្ងាយ ក៏យល់ព្រមឲ្យប៉ូសលិសធ្វើការ ដោយប្ដូរពីទោសនិយាយទូរស័ព្ទពេលកំពុងបើកបរ ទៅជាមិនពាក់ខ្សែក្រវ៉ាត់វិញ ដូច្នេះត្រូវពិន័យជាប្រាក់ ៧៥០០០ រៀល ។

ជុំវិញករណីដូចខាងលើនេះដែរ ក៏ត្រូវបានប្រិយមិត្ត KBN ចោទសួរថា តើប៉ូលិសចរាចរណ៍អាចមានសិទ្ធកែប្រែទោសកំហុសចរាចរណ៍បានដែរ ឬយ៉ាងណា? អ្វីដែលសំខាន់នោះគឺដំបូងឡើយគ្រាន់តែកាន់ទូរស័ព្ទពេលបើកបរសោះ រហូតប៉ូលិសនិយាយឲ្យកែទៅជាកំហុសមិនពាក់ខ្សែក្រវ៉ាត់ ទាល់តែបាន ។ សូមអ្នកជំនាញជួយឲ្យយោបល់ផង​!