ភ្នំពេញ៖ យោង អនុក្រឹត្យលេខ៣៩ អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រាល់ការប្រើប្រាស់ ឬនិយាយទូរស័ព្ទពេលកំពុងបើកបរដោយគ្មានឧបករណ៌ភ្ជាប់ទំនាក់ទំនង ត្រូវពិន័យជាប្រាក់៖

ម៉ូតូ ត្រូវពិន័យជាប្រាក់ ៨០ ០០០ រៀល
រថយន្តធុនស្រាល ត្រូវពិន័យជាប្រាក់ ១២០ ០០០ រៀល
រថយន្តធុនធ្ងន់ ត្រូវពិន័យជាប្រាក់ ២២៥ ០០០ រៀល ។

យ៉ាងណាមិញ ជុំវិញការអនុវត្តច្បាប់ខាងលើរបស់ប៉ូលិសចរាចរ ក៏បានធ្វើឲ្យមានការរិះគន់យ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ដោយសារពេលខ្លះអ្នកដំណើរមិនបាននិយាយទូរស័ព្ទផង ពោលគ្រាន់តែកាន់ទូរស័ព្ទមើលលេខអ្នកដែលខលចូលបន្តិចប៉ុណ្ណោះ ក៏ត្រូវបានប៉ូលិសផាកពិន័យដែរ ។

តួយ៉ាងមានប្រិយមិត្ត KBN ម្នាក់សុំមិនបង្ហាញឈ្មោះ បានផ្ដល់ព័ត៌មាន​ ដោយមានចម្ងល់យ៉ាងដូច្នេះថា​ ខណៈដែលខ្លួនកំពុងធ្វើ់ដំណើរតាមដងផ្លូវមួយខ្សែ នៅទឹកដីខណ្ឌបឹងកង ស្រាប់តែទូរស័ព្ទរោទ៍ ហើយខ្លួនក៏យកទូរស័ព្ទមកកាន់មើលលេខ រួចក៏ចុចបិទសំឡេង ពុំបានទទួលនិយាយឆ្លងឆ្លើយឡើយ ។ ប៉ុន្តែត្រូវបានប៉ូលិសហៅឈប់ ដើម្បីផាកពិន័យ ដោយផ្អែកលើច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានចែងក្នុងអនុក្រឹត្យលេខ៣៩ អនក្រ.បក ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រាល់ការប្រើប្រាស់ ឬនិយាយទូរស័ព្ទពេលកំពុងបើកបរដោយគ្មានឧបករណ៌ភ្ជាប់ទំនាក់ទំនង ដូច្នេះត្រូវផាកពិន័យជាទឹកប្រាក់ ១២០ ០០០ រៀល ។

រូបតំណាង
រូបតំណាង

ប្រភពដដែលបានបន្តចោទសួរយ៉ាងដូច្នេះថា តើមានច្បាប់គ្រាន់តែកាន់ទូរស័ព្ទ ដោយមិនបានសន្ទនា ឬចុចលេង ខុសដែរ ឬទេ? យ៉ាងណាក៏ដោយ សម្រាប់ករណីមួយនេះ KBN ពុំអាចបកស្រាយបានឡើយ មានតែសុំការពន្យល់ពីសំណាក់អ្នកជំនាញប៉ុណ្ណោះ ។ សូមជួយយោបល់ផង! (មាន​ ត)