រាជធានីភ្នំពេញ៖ ការបាត់បង់ទីផ្សារព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩ គឺជាទុក្ខលំបាកមួយទៅហើយសម្រាប់ប្រជាកសិករប្រកបរបរចិញ្ចឹមមាន់ តែពេលនេះទុក្ខធំមួយទៀត បានចូលមកបង្កើនទម្ងន់កង្វល់ និងការលំបាកសម្រាប់ពួកគេ គឺការនាំចូលមាន់ពីប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម។ ការនាំចូលមាន់ពីវៀតណាម ក្លាយទៅជាហេតុដ៏ធំនាំឱ្យអ្នកចិញ្ចឹមមាន់ឈានទៅរកការដួលរលំ ហើយបង្ខំចិត្តបិទរោងចិញ្ចឹមមាន់របស់ពួកគេ ដែលវិនិយោគអស់រាប់ម៉ឺនដុល្លារ។

ការរអ៊ូរទាំពីផលលំបាកនៃការចិញ្ចឹមមាន់ព្រោះតែវិបត្តិជំងឺកូវីដ១៩ និងការនាំចូលយ៉ាងគំហុកពីប្រទេសវៀតណាម បានធ្លាក់មកជាបន្តបន្ទាប់ពីមាត់របស់អ្នកចិញ្ចឹមមាន់។ លោក ប៉ុល វណ្ណដា ជាអ្នកចិញ្ចឹមមាន់មួយរូបនៅក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

លោក ប៉ុល វណ្ណដា បានចាប់យកអាជីពជាអ្នកចិញ្ចឹមមាន់នេះ តាំងពីឆ្នាំ២០១៥មកម្ល៉េះ ហើយការចិញ្ចឹមគ្រាដំបូងឃើញថា ទទួលបានផលចំណេញអាចទ្រទ្រង់ជីវភាព ហើយនាំឱ្យរូបលោកបានពង្រីករោងចិញ្ចឹមមាន់ជាបន្តបន្ទាប់។ បើតាមលោក វណ្ណដា ការចំណេញនាពេលនោះ ដោយសារតែការចិញ្ចឹមនៅក្នុងស្រុកមានចំនួនតិច ហើយមិនសូវមានការនាំចូលពីប្រទេសជិតខាង។

តែនៅពេលកូវីដ១៩ បានចូលមកដល់ដែលនាំឱ្យទីផ្សារកាន់តែរួមតូច បូករួមជាមួយការនាំចូលមាន់ពីប្រទេសវៀតណាមទៀតនោះ បានធ្វើឱ្យលោក ប៉ុល វណ្ណដា កាត់បន្ថយការចិញ្ចឹមមាន់ពី ២ម៉ឺន ៥ពាន់ក្បាល មកនៅត្រឹម ១ម៉ឺនក្បាល ហើយរោងចិញ្ចឹមរបស់លោកចំនួនពីរ ត្រូវបានបិទចោលផងដែរ។

អ្នកស្រី វុន អ៉ីនាង អាយុ ២៧ឆ្នាំ ជាកសិករចិញ្ចឹមមាន់ម្នាក់ទៀត នៅភូមិខ្នាចខាងជើង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។ អ្នកស្រី បានសម្រេចប្តូរពីការចិញ្ចឹមជ្រូក មកចិញ្ចឹមមាន់វិញនៅឆ្នាំ២០២០ ក្រោយពេលជ្រូករបស់អ្នកស្រីជួបជំងឺប៉េស្តិ៍ជ្រូកអាហ្វ្រិក ហើយងាប់ និងខាតបង់អស់ថវិកាជាច្រើននោះ។

អ្នកស្រី វុន អ៉ីនាង បានសម្រេចបោះទុនវិនិយោគកែច្នៃទ្រុងជ្រូកមកជារោងមាន់អស់ទុនជាច្រើនម៉ឺនដុល្លារ ដោយរំពឹងថា មាន់មានទីផ្សារល្អ អាចរកផលចំណេញបាន។ តែលទ្ធផលមិនបានដូចក្តីរំពឹងនោះឡើយ វិបត្តិជំងឺកូវីដ១៩ និងការនាំចូលមាន់ពីប្រទេសវៀតណាម ធ្វើឱ្យអ្នកស្រីខាតបង់ជាច្រើនម៉ឺនដុល្លារនៅពេលចាប់មាន់ម្តងៗ។

អ្នកស្រី វុន អ៉ីនាង បានបញ្ជាក់យ៉ាងដូច្នេះ «កត្តាទី១ គឺចំណី ចំណីឡើង ហើយកត្តាទី២ ឈ្មួញអ្នកចាប់ ពេលយើងបើកមាន់អ្នកជិតខាង [ប្រទេសវៀតណាម] បង្ហូរចូលមក ឈ្មួញគេចាប់អ្នកជិតខាងវាថោក។ អ៊ីចឹងយើងទប់អត់ជាប់ទេ ព្រោះយើងប្រើដើមទន់ថ្លៃ»

ពាក់ព័ន្ធនឹងបញ្ហាមាន់នេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានអះអាងថា អ្នកចិញ្ចឹមមាន់នៅកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចិញ្ចឹមទៅផ្គត់ផ្គង់លើទីផ្សារ ដោយមិនបាច់នាំចូលនោះឡើយ។ លោក ស្រ៊ុន ពៅ ក៏បានឱ្យដឹងដែរថា បច្ចុប្បន្ននេះក្រសួងកសិកម្មមិនមានគោលការណ៍ឱ្យនាំមាន់ចូលច្រើនពីប្រទេសជិតខាងនោះឡើយ គឺឱ្យនាំចូលបង្គ្រប់ទីផ្សារត្រឹមប្រមាណ ១ពាន់ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ។

ក៏ប៉ុន្តែឈ្មួញខិលខូចឆ្លៀតឱកាសរកការចំណេញចំពេលមាន់វៀតណាមចាល់ទីផ្សារខ្លាំងព្រោះជំងឺកូវីដ១៩ ហើយតម្លៃធ្លាក់ថ្លៃខ្លាំងនោះ បានលួចនាំចូលមាន់យ៉ាងគំហុកមកកាន់ទីផ្សាររបស់កម្ពុជា។ ជាពិសេសនៅតាមច្រកព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ និងព្រៃវែង។ បើតាមលោក ស្រ៊ុន ពៅ បច្ចុប្បន្នមាន់នាំចូលពីវៀតណាម មានចំនួនរាប់ម៉ឺនក្បាលក្នុងមួយថ្ងៃ។

លោក ប៉ុល វណ្ណដា និងអ្នកស្រី វុន អ៉ីនាង បានបង្ហាញការយល់ឃើញដូចគ្នាថា ប្រសិនមិនជួយទប់ស្កាត់ការនាំមាន់ចូលពីប្រទេសជិតខាងនោះទេ ក្នុងគ្រាមានវិបត្តិកូវីដ១៩មួយកម្រិតហើយនោះ ការចិញ្ចឹមមាន់របស់ពួកគាត់នឹងដួលរលំជាក់ជាមិនខាន មិនអាចតស៊ូទៅមុខបានទៀតនោះឡើយ។

អ្នកស្រី វុន អ៉ីនាង បានបញ្ជាក់ដូច្នេះ «បើសិនជានៅតែមានការនាំចូលទៀត ពួកខ្ញុំ គឺដួលហ្មង។ តម្លៃនៅតែទាប ដើមទុននៅតែខ្ពស់ គឺដួលហើយ យើងអត់មានអីទប់ទល់ទៀតទេ អត់លុយសងធនាគាររឹបអូសអស់ហើយ»

ប្រជាកសិករកម្ពុជា បានដាក់ទុនច្រើនណាស់ដើម្បីវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមមាន់។ ការបណ្តោយឱ្យរបរចិញ្ចឹមមាន់ត្រូវដួលរលំព្រោះវិបត្តិកូវីដ១៩ ឬការនាំចូលមាន់ពីប្រទេសជិតខាង ដោយគ្មានវិធានការទប់ស្កាត់ គឺជាគ្រោះថ្នាក់មួយធំសម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាការផ្គត់ផ្គង់មាន់ឡើងវិញ នៅពេលស្ថានភាពស្រុកទេសត្រឡប់មកប្រក្រតីវិញ ព្រោះតែហេដ្ឋារចនាសម្ព័ន្ធចិញ្ចឹមត្រូវខូចខាត ហើយកសិករអាចនឿយណាយចិត្តក្នុងការចិញ្ចឹមបន្ត។

ទាំងខាងសមាគមចិញ្ចឹមសត្វនៅកម្ពុជា ក៏ដូចជាកសិករចិញ្ចឹមផ្ទាល់ បានរួមគ្នាជាសំឡេងតែមួយ ទទូចដល់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធជួយដាក់ចេញវិធានការដោះស្រាយបញ្ហាប្រឈមនេះ ជាពិសេសទប់ស្កាត់ការលួចនាំមាន់ចូលពីប្រទេសវៀតណាមនៅតាមច្រកក្នុងខេត្តត្បូងឃ្មុំ និងព្រៃវែង ដែលមានចំនួនច្រើនសន្ធឹកសន្ធាប់។

លោក ស្រ៊ុន ពៅ បានអំពាវនាវដូច្នេះ «ខ្ញុំសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសស្ថាប័នតាមព្រំដែន គឺជួយទប់ស្កាត់ឱ្យខានតែបាន។ វាមានប៉ះពាល់ច្រើនណាស់ ទី១ ប៉ះពាល់កសិករអ្នកចិញ្ចឹម ទី២ ប៉ះពាល់ដល់ជំងឺ ទី៣ ប៉ះពាល់ដល់អ្នកហូបទៀត។ ត្រង់ហ្នឹងហើយខ្ញុំសូមអំពាវនាវដាច់ខាត បងប្អូននៅតាមច្រកព្រំដែនមេត្តា ជួយកសិករយើង ដើម្បីឱ្យគាត់ចិញ្ចឹម ឱ្យគាត់រស់បន្តទៀត សូមមេត្តាជួយ»

អ្នកស្រី វុន អ៉ី បានទទូចដូច្នេះ «ខ្ញុំទទូចសុំឱ្យរាជរដ្ឋាភិបាល ជួយទប់ស្កាត់មាន់ប្រទេសជិតខាងកុំឱ្យចូលច្រើនពេក។ បើចូលច្រើនពេកយ៉ាងហ្នឹង កសិករយើងនឹងឈប់ចិញ្ចឹមហើយ អត់មានដើមទន់ទៀត ដើមទន់បន្តអស់ហើយ»។

លោក ប៉ុល វណ្ណដា បានទទូចដូច្នេះ «ខ្ញុំបាទជាប្រជាកសិករដែលចិញ្ចឹមនេះ សំណូមពរដល់អស់លោកដែលមានសមត្ថកិច្ចពាក់ព័ន្ធតាមបណ្តាព្រំដែន និងអស់លោកមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលពាក់ព័ន្ធសុំមេត្តាលោកជួយពិនិត្យមើលតាមលទ្ធភាពកុំឱ្យនាំមាន់ចូលច្រើនពេកហួសប្រមាណ»៕

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា

កសិករចិញ្ចឹមមាន់

កសិករចិញ្ចឹមមាន់

 

មាន់របស់កសិកខ្មែរចិញ្ចឹមនៅក្នុងរោង

មាន់នាំចូលពីវៀតណាម