រាជធានីភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះការលុបបឹងតាមោក ដែលមិនរក្សាទុកសម្រាប់អភិវឌ្ឍទៅជាតំបន់ទេសចរណ៍ដូចនៅប្រទេសផ្សេង។

លោកថ្លែងបែបនេះនៅសិក្ខាសាលាស្ដីពីការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១ ដែលរៀបចំឡើ់ងនៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃចន្ទទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ។

នៅក្នុងការលើកឡើងនេះលោក សុខ ទូច បានសង្កត់ធ្ងន់ថា៖«ពីមុនបឹងវាច្រើន លុបទៅវាអត់អី តែឥឡូវបឹង សល់តែ១ បឹងតាមោកហ្នឹងលុបទៀតហើយ លុបខ្ទេចលុបខ្ទីហើយ។ អាចឹង សួរថាមោទនភាព? មោទភាពស្អី។ ពីមុនវាមានច្រើន វា មានអូរឫស្សី វា មានបឹងទំពុន បឹងស្នោ បឹងអីច្រើន ឥឡូវយើង លុបសល់តែ១ សល់តែបឹង១ហ្នឹង ហើយយើងបន្តលុបទៀត អាហ្នឹវា ជារឿងមួយលំបាក»។

ថ្វីបើតំបន់ធម្មជាតិខ្លះ ត្រូវបានបំផ្លាញក្តី តែលោក សុខ ទូច នៅតែមើលឃើញថា កម្ពុជា នៅសល់តំបន់ធម្មជាតិល្អៗជាច្រើន ដែលអាចធ្វើជាកន្លែងទេសចរណ៍។ បឹងជារបស់ធម្មជាតិមួយ ដែលលោក ចង់ឲ្យរក្សាទុក ដើម្បីធ្វើជាកន្លែងទេសចរណ៍។

លោក មានប្រសាសន៍ថា៖«យើង ចូលចិត្តចាក់ដី។ កន្លែងហ្នឹង ខ្ញុំ និយាយទៅ សូមឲ្យអ្នកដែលបានចាក់ដី កុំខឹងនឹងខ្ញុំ។ ប៉ុន្តែ ខ្ញុំ សូមនិយាយការពិត។ យើង ចាក់ដីច្រើនពេក អត់ដូចគេទេ។ គេ យកទូកទៅអុំនៅតាមបឹង ទៅមើលទៅ។ ខ្ញុំទៅ ប៉េកាំង ហើយទៅកូរ៉េ ជិះទូក គេ យកលុយ រាប់រយ រាប់ពាន់ [ដុល្លារ?]»។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានលើកពីគុណសម្បត្តិមួយចំនួនរបស់បឹង ដូចជា អាចធ្វើជាកន្លែងសម្រាប់ស្ទួចត្រីកម្សាន្ត អាចធ្វើជាកន្លែង ដែលបង្ហាញពីវប្បធម៌នៃការនេសាទរបស់ប្រជាជន អាចធ្វើជាកន្លែងទេសចរណ៍សិប្បនិមិត្ត អាចធ្វើខ្សែរ៉តឲ្យភ្ញៀវទេសចរជិះកាត់បឹង អាចរៀបចំទូកឲ្យភ្ញៀវទេសចរជិះកម្សាន្ត និង អាចធ្វើផ្លូវក្រោមបឹង ជាដើម។ លោក លើកគុណសម្បត្តិ១បន្ថែមទៀតថា ការទុកបឹង ក៏អាចឲ្យអ្នកមានវិបត្តិផ្លូវចិត្ត ឬអ្នកស្មុគស្មាញផ្លូវចិងត្ត ទៅលម្ហែ ដើម្បីឲ្យបានរំសាយចិត្តដែរ។

មិនមែនទើបតែលើកទី១ទេ កន្លងមក លោក សុខ ទូច ក៏ធ្លាប់លើកឡើងពីរឿងលុបបឹងនេះដែរ ហើយរាល់ការលើកឡើងរបស់លោកទាំងនោះ គឺលោក តែងបង្ហាញអារម្មណ៍មិនឲ្យមានការលុបបឹង ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ដូចខាងក្រោម​៖