រាជធានីភ្នំពេញ ៖ ជាការពិតណាស់ មិត្តភាពគឺមានលក្ខណៈផុយស្រួយជាទីបំផុតប្រសិនបើអ្នកហ៊ានតែធ្វើរឿងមិនល្អណាមួយកើតឡើង។ នៅវេលាដែលអ្នកបានជួបមិត្តល្អណាម្នាក់ អ្នកគួរតែថែរក្សាគេឲ្យបានល្អ ព្រោះគេតែងតែនិយាយថាមិត្តល្អគឺប្រៀបប្រដូចបានទៅនឹងទ្រព្យដ៏មានតម្លៃដែលមានជីវិត ព្រោះមិត្តល្អនឹងនាំអ្នកទៅរករឿងល្អ រឿងដែលត្រឹមត្រូវ និងមិនធ្វើឲ្យអ្នកជួបបញ្ហាដោយសារតែរូបគេនោះឡើយ។

ក៏ប៉ុន្តែតើអ្នកដឹងទេថា មិត្តភាពគឺប្រៀបបានទៅនឹងកែវកញ្ចក់ដែលភ្លឺស្រស់ស្អាត នៅពេលដែលអ្នកដែលកាន់តែថែទាំឲ្យបានដិតដល់វាកាន់តែមានពន្លឺភ្លឺរលោង ខណៈប្រសិនបើអ្នកបណ្តោយឲ្យវាធ្លាក់បែកនោះវានឹងពិបាកក្នុងការផ្គុំវាឲ្យល្អដូចដើមវិញជាទីបំផុត។ មិត្តភាពដែលល្អទៅបាន អាស្រ័យទៅលើការថែរក្សាមិត្តភាពមួយនោះ មិនបោះបង់គ្នាក្នុងគ្រាលំបាក មិនធ្វើឲមិត្តភាពត្រូវរងទុក្ខ ឬបណ្តែតបណ្តោយចោលដោយមិនអើពើ ព្រោះនៅពេលដែលមិត្តភាពរបស់អ្នកបែកបាក់គ្នាទៅ គឺវាពិបាកក្នុងការវិលត្រឡប់មកល្អូកល្អឺននឹងគ្នាជាថ្មីម្តងទៀតបានណាស់៕