បរទេស៖ ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ស្ថានភាពឆ្លង និងស្លាប់ដោយកូវីដប្រចាំថ្ងៃ នៅសហរដ្ឋអាមេរិក បានថយចុះវិញ ប៉ុន្ដែឥណ្ឌារកឃើញករណីឆ្លងច្រើន ហើយរុស្ស៊ីមានអ្នកស្លាប់ថ្មីច្រើនជាងគេឡើងវិញ។

គេហទំព័រ Worldometer បានចេញផ្សាយ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក រកឃើញករណីឆ្លងថ្មី ៣៧ ២៦២នាក់ និង មានករណីស្លាប់ថ្មី ២៨៤នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងសរុប ជាង ៣៩,៦៦នាក់ ហើយក្នុងនោះមានអ្នកស្លាប់៦៥៤ ៦៨៩នាក់ និង មានអ្នកជាសះស្បើយ ជាង៣០,៨២លាននាក់ ហើយអ្នកជំងឺជាង៨,១លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

ឥណ្ឌា រកឃើញករណីឆ្លងថ្មី ៤៣ ៣៨១នាក់ និងមានករណីស្លាប់ថ្មី ៥២៧នាក់ ហើយនេះជាចំនួនឆ្លងថ្មីជាងបណ្ដាប្រទេសផ្សេងៗ នៅលើពិភបលោក។ ប្រទេសមហាយក្ស នៅអាស៊ីខាងត្បូងមួយនេះ មានអ្នកឆ្លងកូវីដ-១៩ សរុបជាង ៣២,៧លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ៤៣៨ ៣៨៧នាក់ និង មានអ្នកជាសះស្បើយ ជាង៣១,៩លាននាក់។
រុស្ស៊ី ជាប្រទេសមានអ្នកឆ្លងកូវីដច្រើនលំដាប់លេខ៤ នៅលើពិភពលោក តែនៅថ្ងៃនេះ រុស្ស៊ីមានអ្នកស្លាប់ថ្មីច្រើនជាងគេ។ រុស្ស៊ីមានករណីស្លាប់ថ្មី ៧៩៧នាក់ និង មានករណីឆ្លងថ្មី ១៩ ២៨៦នាក់។ រុស្ស៊ី មានអ្នកឆ្លងកូវីដ សរុបជាង៦,៨លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់១៨១ ៦៣៧នាក់ និង មានអ្នកជាសះស្បើយជាង៦,១លាននាក់។

ឥណ្ឌូនេស៊ី កាលពីប៉ុន្មានថ្ងៃមុននេះ មានអ្នកស្លាប់ដោយកូវីដ-១៩ប្រចាំថ្ងៃច្រើនជាងគេ ឥឡូវមានករណីស្លាប់ថ្មី ៥៥១នាក់ និង មានករណីឆ្លងថ្មី ៧ ៤២៧នាក់។ ប្រទេសអាស៊ានមួយនេះ មានអ្នកឆ្លងសរុបជាង៤លាននាក់ ហើយក្នុងនោះមានអ្នកស្លាប់ ១៣១ ៩២៣នាក់ និង មានអ្នកជាសះស្បើយ ជាង៣,៧លាននាក់។

ដោយឡែក ចិនជាប្រទេសដើមកំណើតវីរុសកូវីដ-១៩ រកឃើញករណីឆ្លងថ្មី៣៣នាក់ តែមិនមានករណីស្លាប់ថ្មី។ ចិនមានអ្នកឆ្លងសរុប ៩៤ ៨១៩នាក់ មានអ្នកស្លាប់ ៤ ៦៣៦នាក់ និងមានអ្នកជាសះស្បើយ ៨៨ ៩២៤នាក់ ហើយអ្នកជំងឺ ចំនួន ១ ២៥៩នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល។

ប្រទេស ដែលមានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ នៅលើពិភពលោក រួមមាន សហរដ្ឋអាមេរិក ឥណ្ឌា ប្រេស៊ីល រុស្ស៊ី បារាំង អង់គ្លេស តួកគី អាហ្សង់ទីន អ៊ីរ៉ង់ កូឡុំប៊ី អេស្ប៉ាញ អ៊ីតាលី ឥណ្ឌូនេស៊ី អាល្លឺម៉ង់…ជាដើម៕