រាជធានីភ្នំពេញ ៖​ តារាសម្តែងស្រីវ័យក្មេងដែលកំពុងតែអង្រួនពិភពសិល្បៈកញ្ញា ឈូ ឈូ ហាក់កំពុងតែធ្វើឲ្យមហាជនស្ញើចសរសើរជាខ្លាំងជាមួយទេពកោសល្យ និងសម្ថភាពសម្តែងរបស់នាង ដោយមានលក្ខណៈរស់រវើក ខណៈទីផ្សារសិល្បៈរបស់តារាស្រីរូបនេះហាក់ហក់ឡើងស្រឺតៗតាមវ័យរបស់នាងផងដែរ។

យ៉ាងណាមិញថ្មីៗនេះមានប្រិយមិត្តរួមទាំងទស្សនិកជិនមិនតិចនាក់ទេដែលភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពសម្តែងរបស់កញ្ញា ឈូ ឈូ រួមជាមួយនឹងការលះបង់ពិតៗដើម្បីបម្រើទស្សនិកជន នោះគឺកញ្ញាបានថតក្នុងរឿងមួយរបស់ផលិតកម្ម Sastra Film ដោយមានឈុតដែលតម្រូវឲ្យកញ្ញា ជក់បារីពិតៗបង្ហុយផ្សែងឲ្យទ្រលោម ជាហេតុធ្វើឲ្យម្តាយរបស់នាងគឺអ្នកនាង សឿនផាន ផាភួង ហាក់សម្តែងក្ដីអាណិតអាសូរដែលកូនស្រីហ៊ានលះបង់ខ្លាំងបែបនេះ។ អ្នកស្រីបានលើកឡើងថា «កូនស្រីម្តាយ ថតមួយរឿងនេះសាហាវខ្លាំង» ស្របពេលដែលអ្នកស្រីបាននិយាយបន្ថែមនៅក្នុងការឆ្លើយតបទៅកាន់ហ្វេនៗថា ខ្លួនអាណិតកូនស្រី ព្រោះពេលដែលកញ្ញា ឈូ ឈូ ជក់បារីនោះគឺនាងឈ្លក់ជាមួយនឹងផ្សែងខ្លាំងផងដែរ។

គួរបញ្ជាក់ផងដែរថា កញ្ញា អាង សុជាតា​ ហៅ ឈូ ឈូ បានចេញតស៊ូសម្តែងតាំងពីនាងនៅវ័យកុមារមកម្ល៉េះ ដោយនាងចេះជួយរកលុយដើម្បីជួយម្តាយនាងគួរឲ្យសរសើរផងដែរ ស្របពេលដែលមានអ្នកគាំទ្រជាច្រើនធ្លាប់បានលើកឡើងថានាងកាត់តាមម្តាយរបស់ខ្លួនដែលជាតារាសម្តែងគឺអ្នកនាង ផាភួង នេះឯង៕