រាជធានីភ្នំពេញ ៖ ឆាកជីវិតរបស់មនុស្សមិនខុសអ្វីតែពីការធ្វើដំណើរនៅលើដងវិថីដ៏វែងអន្លាយជាមួយនឹងឡានក្រុងមួយនោះទេ ដែលបរនៅលើវិថីនោះមានទាំងផ្កា មានទាំងដើមឈើ​ មានអគារខ្ពស់ទាប ធំតូច និងមានទីកន្លែងដាក់សំរាមក្បែរនោះផងដែរ ក៏ប៉ុន្តែឡានក្រុងក៏នៅតែត្រូវបានធ្វើដំណើរទៅមុខជាប់ជានិច្ច ដោយជួនកាលវាត្រូវបានឈប់ដើម្បីយក ឬដាក់អ្នកដំណើរដែលត្រូវបានឡើង ឬចុះពីឡានក្រុងនោះតែប៉ុណ្ណោះ។ ពេលវេលាដែលអស់អ្នកដំណើរឡានក្រុងនោះក៏ត្រូវបានយកទៅចតទុកមួយអន្លើរ។

យ៉ាងណាមិញ ជីវិតមនុស្សក៏ដូច្នោះដែរ កើតមកហើយរមែងតែងជួបនូវរឿងទុក្ខសោក ភាពក្រៀមក្រំ ការអស់សង្ឃឹម ឬភាពសប្បាយរីករាយជាដើម។ ភាពទុក្ខសោក ភាពក្រៀមក្រំ ឬក្ដីអស់សង្ឃឹម យើងគ្រាន់តែចាត់ទុកថាជាការធ្វើដំណើរឆ្លងកាត់កន្លែងដាក់សំរាមដែមមានសភាពធុំស្អុយរលួយតែប៉ុណ្ណោះ នៅពេលដែលយើងជិះហួសទៅក្លិនស្អុយទាំងនោះវានឹងលែងមានយតទៅទៀតហើយ ដោយយើងអាចស្រូបយកក្លិនខ្យល់បរិសុទ្ធវិញបាន។ ចំណែកភាពសប្បាយរីករាយ យើងអាចចាត់ទុកថាវាជាក្លិននៃផ្កា ឬកំពុងតែជិះកាត់សួនផ្កាដ៏ស្រស់ស្អាតមួយ ដែលវាអាចធ្វើឲ្យយើងធូរស្រាលក្នុងអារម្មណ៍មួយគ្រា។ គ្រប់រឿងរ៉ាវទាំងអស់ដែលយើងបានឆ្លងកាត់ ឬជួបប្រទះ យើងត្រូវកត់វាទុកជាអនុស្សាវរីយ៍ក្នុងចិត្តចំពោះតែរឿងល្អៗ តែចំពោះរឿងអវិជ្ជមានយើងអាចបំភ្លេចវាបាន ដោយទុកវាជាបទពិសោធន៍នៃជីវិតទៅចុះ។

ការធ្វើដំណើរនៃជីវិតមិនយូរ មិនឆាប់ក៏គង់នឹងដល់ទៅដៅមួយដែលយើងចង់ទៅ ហេតុនេះត្រូវចេះអត់ធ្មត់ ឬរង់ចាំដោយភាពរីករាយ ព្រោះថាគោលដៅគឺនៅខាងមុខយើង៕