រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេល លោក ចូ បៃដិន បានសម្រេចចិត្ត ដកកងទ័ពសហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថាន ធ្វើឲ្យឧទ្ទាមមានឱកាស វាយលុកយ៉ាងលឿន ដូចផ្លេកបន្ទោរ រហូតគ្រប់គ្រងប្រទេសបានស្ទើរទាំងស្រុង ហើយផ្ដួលរំលំរដ្ឋាភិបាលទីក្រុងកាប៊ូល កាលពីថ្ងៃអាទិត្យ (ទី១៥ ខែសីហា ឆ្នាំ២០២១) ភ្លាម លោក ដូណាល់ ត្រាំ ជំរុញឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក បច្ចុប្បន្ន ចុះចេញពីតំណែងទាំងក្ដីអាម៉ាស់បំផុត ដោយសារតាលីបង់​ ប្រកាសបញ្ចប់សង្រ្គាម នៅក្នុងប្រទេសអាស៊ីកណ្ដាលមួយនេះ។

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានស្ដីបន្ទោស​លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកបច្ចុប្បន្ន ថា បៃដិន បានធ្វើខុសគ្រប់ពេល ជុំវិញគោលនយោបាយការបរទេស ស្ដីពីអាហ្វហ្គានីស្ថាន។  លោក ដូណាល់ ត្រាំ បានសរសេរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា វាដល់ពេលហើយ សម្រាប់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន ត្រូវលាលែង ពីតំណែង ចំពោះអ្វីដែលគាត់បានធ្វើឱ្យកើតមានឡើង នៅលើទឹកដីអាហ្វហ្គានីស្ថាន រួមជាមួយនឹងការកើនឡើងយ៉ាងខ្លាំង នៃជំងឺកូវីដ គ្រោះមហន្តរាយ​តាមព្រំដែន ការបំផ្លាញថាមពលឯករាជ្យ និងសេដ្ឋកិច្ច​របស់យើងឲ្យធ្លាក់ចុះ»​។​

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសបែបនេះ ក្រោយពេលក្រុមប្រយុទ្ធតាលីបង់ បានចូលគ្រប់គ្រងរដ្ឋធានីកាប៊ូល ប្រទេសអាហ្វហ្គានីស្ថាន ខណៈមានការជម្លៀសបុគ្គលិកការទូតទ្រង់ទ្រាយធំ ចេញពីប្រទេសអាស៊ីមួយនេះ។​ លោក ត្រាំ បានស្ដីបន្ទោសដល់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ថា នេះជាមហាបរាជ័យដ៏ធំបំផុតមួយ នៅក្នុងប្រវត្ដិសាស្រ្ដសហរដ្ឋអាមេរិក។​

លោក ​Mohammad Naeem បានប្រាប់ដល់សារព័ត៌មាន Al-Jazeera សង្គ្រាម នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានបញ្ចប់ហើយ។ ជាការអង្កេតបែបបទ នៃការគ្រប់គ្រង និងទម្រង់ នៃរបបគ្រប់គ្រងប្រទេស នឹងបង្ហាញយ៉ាងច្បាស់ នៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះ លោកក៏សូមអំពាវនាវដល់បេសកកម្មការទូតបរទេស ត្រូវមានទំនុកចិត្ត ដោយពេញលេញ ហើយមិនមានគ្រោះថ្នាក់ដល់ពួកគេ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ព្រោះកងកម្លាំងអ៊ិស្លាមអេមីរ៉េត មានការងារការពារសន្ដិសុខ នៅក្នុងទីក្រុងកាប៊ូល និងទីក្រុងដទៃទៀត នៅក្នុងប្រទេសនេះ៕​​​