រាជធានីភ្នំពេញ ៖ ក្នុងសង្គមជីវិត ពិតជាស្មុគស្មាញ និងពិបាកយល់ជាទីបំផុត ខណៈមនុស្សមួយចំនួនហាក់រំពឹងឲ្យគេមកចិត្តពីចិត្តរបស់ខ្លួន ស្របពេលដែលខ្លួនមិនទាន់យល់ចិត្តខ្លួនឯងច្បាស់នៅឡើយផងនោះ។ ពិតណាស់មានមនុស្សមិនតិចទេដែលតែងតែនិយាយថា ហេតុអ្វីបានជាគេមិនយល់ចិត្តរបស់ខ្លួនទាល់តែសោះ ខ្លួនចង់បាននេះ គេបែរជាទៅយកនោះមកឲ្យ, ខ្លួនចង់បានសុខ បែរជាមានទុក្ខទៅវិញ តើនេះឬជាអ្វីដែលខ្លួនត្រូវមកជួបប្រទះ?

តាមពិតទៅមនុស្សពុំគួរព្យាយាមស្រែកដង្ហោយឲ្យនរណាម្នាក់ផ្សេងពីខ្លួនឯងមកយល់ចិត្តរបស់ខ្លួននោះឡើយ ព្រោះថាខ្លួន​ឯងនេះហើយដែលមិនយល់ពីចិត្តខ្លួនឯង, ជីវិតរបស់មនុស្សគង់នៅមានទំនាស់ជាមួយនឹងខ្លួនឯង ចងបានអ្វីមួយ បែរជាមិនបានដូចចិត្ត ក៏ទាស់ជាមួយខ្លួនឯង ចាប់ផ្តើមគិតច្រើន មានបញ្ហាផ្លូវចិត្ត គិតរវើរវាយជាដើម។

មនុស្សគួររៀនស្វែងយល់ពីចិត្តខ្លួន​ឯងឲ្យបានច្បាស់លាស់ និងបញ្ឈប់រំពឹងឲ្យអ្នកដទៃមកយល់ពីចិត្តរបស់ខ្លួន ដោយព្យាយាមរម្ងាប់អារម្មណ៍នូវពាក្យថា “ចង់ឲ្យ” បែបនេះ ឬបែបនោះទៀត ព្រោះពាក្យថាចង់ឲ្យនេះវាជារឿងដែលកម្រនឹងកើតមានពិតប្រាកដ៕