អន្តរជាតិ៖ ដូចគេរំពឹងទុកមែន ក្រុមសកម្មប្រយុទ្ធ តាលីបង់ បានវាយដណ្ដើមបានរដ្ឋធានី កាប៊ុល ដែលជាបេះដូងនៃប្រទេសអាហ្វហ្កានីស្ថាន ហើយក៏ចូលទៅគ្រប់គ្រងវិមានប្រធានាធិបតីផងដែរ នៅថ្ងៃចន្ទ ទី១៦ ខែសីហានេះ ពោលគឺប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះក្រោយកងទ័ពបរទេសដែលដឹកនាំដោយអាមេរិក បានដក​ថយចេញពីប្រទេសហែកហួរដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាមួយនេះ ខណៈប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ក៏បានភៀសខ្លួនចាកចេញពីប្រទេសហើយដែរ។

សម្រាប់ការចាកចេញដោយទុកពលរដ្ឋរាប់លាននាក់ចោលនេះ លោក Ghani អះអាងថា លោកមិនចង់ឲ្យមានការបង្ហូរឈាមកើតឡើង ដោយមន្រ្តីក្រសួងមហាផ្ទៃជាន់ខ្ពស់ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីអាហ្វហ្គានីស្ថាន បានភៀសខ្លួនទៅប្រទេសតា​ហ្ស៊ី​គី​ស្ថាន​។

ការភៀសខ្លួនរបស់លោក Ghani កើតឡើងចំពេលក្រុមតាលីបង់ ឡោមព័ទ្ធទីក្រុងកាប៊ុល បន្ទាប់ពីដណ្តើមបានរដ្ឋធានីចំនួន២៦ ក្នុងចំណោមខេត្តទាំង៣៤របស់ប្រទេសក្នុងរយៈពេលតិចជាងពីរសប្តាហ៍។

កាលពីថ្ងៃអាទិត្យ កងទ័ពតាលីបង់ បានឡោមព័ទ្ធកន្លែងកាន់អំណាចរបស់អាហ្វហ្គានីស្ថាន ដោយសន្យាថាខ្លួនបានណែនាំដល់យុទ្ធជនរបស់ខ្លួនឱ្យជៀសវាងពីអំពើហឹង្សាលើជនស៊ីវិល និងផ្តល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាពដល់អ្នកដែលចង់ចាកចេញពីទីក្រុងកាប៊ុល​ ៕