រាជធានីភ្នំពេញ ៖ មនុស្សគ្រប់គ្នាសុទ្ធតែអាចចាប់ផ្តើមសារជាថ្មីនូវអ្វីដែលពួកគេធ្លាប់គិតថាមិនអាចធ្វើបាន ឬធ្វើមិនបានតទៅទៀត ខណៈការចាប់ផ្តើមជាថ្មីជារឿងដ៏ល្អ និងត្រឹមត្រូវមួយសម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ។ មានមនុស្សមួយចំនួនបានគិតថា ការចាប់ផ្តើមសារជាថ្មីរបស់ខ្លួនមិនអាចទៅរួចនោះទេ ព្រោះពួកគេបានជួបឧបសគ្គ ឬបញ្ហារាំងស្ទះជីវិតច្រើនលើសលប់ពេក ហើយពួកគេក៏ពិបាកក្នុងការចាប់ផ្តើមសារជថ្មីដែរ ព្រោះអ្វីៗវាបានជ្រុលហួសអស់ទៅហើយ។

ជីវិតរបស់មនុស្សម្នាក់ៗសុទ្ធតែមានថ្ងៃថ្មីរបស់ខ្លួនជារៀងរាល់ថ្ងៃ ខណៈអ្នកខ្លះយកថ្ងៃថ្មីពេញមួយថ្ងៃរបស់ខ្លួនមកចំណាយពេលវេលាគិតតែចំពោះរឿងឥតប្រយោជន៍ ឬយកថ្ងៃថ្មីរបស់ខ្លួនមកធ្វើរឿងមិនបានការណាមួយដែលជាហេតុធ្វើឲ្យថ្ងៃថ្មីរបស់ពួកគេមានតែបញ្ហាមិនចេះចប់ ហើយវាក៏កាន់តែធ្វើឲ្យខ្លួនកាន់តែពិបាក។ ចំណែកអ្នកខ្លះ ទោះបីជីវិតមានបញ្ហា ឬធ្លាប់ឆ្លងកាត់រឿងរ៉ាវមិនល្អណាមួយក៏ដោយ ប៉ុន្តែគេយកពេលវេលានៃថ្ងៃថ្មីរបស់ខ្លួនទៅបង្កើត ឬធ្វើរឿងល្អណាមួយដើម្បីជាឱកាសសម្រាប់ខ្លួន នោះមិនយូរទេគេនឹងអាចគេចផុតពីបញ្ហាទាំងនោះជាក់ជាមិនខាន។

ថ្ងៃថ្មីគឺតែងតែមាន និងកើតឡើងជារៀងរាល់ថ្ងៃ ហេតុនេះសូមកុំគិតថាវាហួសពេលក្នុងការចាប់ផ្តើម ឬកុំគិតថាខ្លួនមិនអាចធ្វើបានព្រោះជីវិតតែងតែមានអព្ភូតហេតុជានិច្ច៕