រាជធានីភ្នំពេញ ៖ ការដែលបានកើតមកជាមនុស្សវាគឺជាភ័ព្វសំណាងណាស់ទៅហើយ។ ប៉ុន្តែស្ទើរតែគ្រប់គ្នាទៅហើយដែលបានកើតជាមនុស្សហើយចង់មានទ្រព្យសម្បត្តិស្តុកស្តម មានសុខភាពល្អ មានកាយសម្បទារឹងមាំបន្ថែមទៀត។ អ្នកខ្លះមានគម្រោងដើរលេងកម្សាន្តឲ្យបានច្រើនកន្លែងតាមដែលអាចធ្វើទៅបាន។ ចំណែកឯអ្នកខ្លះទៀតគិតថាចង់ទៅរស់នៅប្រទេសនេះ ឬប្រទេសនោះ អាចនឹងមានលក្ខណៈល្អប្រសើរជាងទីកន្លែងដែលខ្លួនឯងកំពុងតែរស់នៅ។ តើអ្នកធ្លាប់គិតថាហត់នឿយទេ ដែលអ្នកចេះតែចង់បានបែបនេះ ចង់បានបែបនោះដោយមិនចេះស្កប់ស្កល់?

ពិតណាស់ សារធាតុមនុស្សគឺមិនស្កប់ស្កល់។ បើទោះបីជាខ្លួនកំពុងតែជិះឡានទំនើបហើយក្ដី ក៏នៅតែចង់បានយន្តហោះផ្ទាល់ខ្លួនមកជិះថែមទៀត។ មនុស្សគឺបែបនេះហើយ! ពួកគេតែងតែរំពឹង និងគិតថាត្រូវតែបន្ថែមៗរហូតទាល់តែដល់ថ្ងៃស្លាប់ទើបការបន្ថែមលែងមានតទៅទៀតសម្រាប់គេ។
មនុស្សមួយចំនួនមិនបានស្កប់ស្កល់នឹងការរស់នៅក្នុងទីកន្លែងដែលពួកគេបានកើតមកទេ។ ម្ល៉ោះហើយពួកគេតែងតែមានគំនិតស្រម៉ៃរវើរវាយទៅតាមអ្វីដែលគេបានលឺ និងបានឃើញតាមរយៈរូបភាព ឬសម្តីរបស់អ្នកដទៃប្រាប់ទៅវិញ។ គេបែរជាគិតថា កន្លែងដែលគេកើតមកនេះមិនល្អទាល់តែសោះ គេធុញទ្រាន់នឹងការរស់នៅក្នុងទីកន្លែងនេះ ហើយគេចង់ទៅរស់នៅក្នុងទីកន្លែងនោះទៅវិញ។ តាមការពិតទៅគ្រប់ទីកន្លែងទាំងអស់គឺដូចគ្នាគ្រប់យ៉ាង តើអ្នកជឿទេ? វេលាដែលគេបានទៅដល់កន្លែងនោះដែលគេគិតថាអស្ចារ្យ ថ្ងៃណាមួយគេនឹងវង់ទៅកន្លែងមួយផ្សេងទៀតព្រោះកន្លែងដែលគេកំពុងតែមកនៅនេះវាក្លាយជាទីនេះសម្រាប់គេម្តងទៀត។

ហេតុនេះ មុនស្សគួរកុំចេះតែរាយមាយទៅតាមគំនិតរបស់ខ្លួនពេក ព្រោះថាគំនិតរាយមាយទាំងអស់នេះគឺប្រែប្រួលជាប់ជានិច្ច សូមអ្នកភ្ញាក់ខ្លួនឡើង កុំបន្តឲ្យគំនិតរវើរវាយរបស់អ្នកក្លាយជាអន្ទាក់វេលាឲ្យសោះ។ អ្នកត្រូវចាំថា គ្រប់ទីកន្លែងទាំងអស់គឺសុទ្ធតែមានភាពស្រស់ស្អាតរបស់វារៀងៗខ្លួន ហេតុនេះអ្នកគួរតែរៀនរស់នៅសោយសុខក្នុងទីកន្លែងដែលអ្នកបាននៅឲ្យបានសប្បាយរីករាយបំផុតទៅ។ មានន័យថា អ្នកគួរតែរស់នៅនឹងភាពពេញចិត្តស្កប់ស្កល់ត្រង់ទីកន្លែងដែលអ្នករស់នៅ នោះគឺជាភាពស្រស់ស្អាតនៃជីវិតរបស់អ្នក។៕