រាជធានីភ្នំពេញ ៖ វេលាអតីតកាលគឺជាពេលវេលាដែលកន្លងហួសទៅហើយ អតីតកាលខ្លះរបស់អ្នកជារឿងមួយដែលអ្នកមិនចង់ចងចាំ មិនចង់រំលឹក ព្រោះថ្វីបើរាល់ពេលរំលឹក វាក៏កាន់តែធ្វើឲ្យអារម្មណ៍អ្នកខ្មួលខ្មាញ់ទៅរកតែភាពអាប់អួរ គ្មានពន្លឺ។ អតីតកាលមិនល្អ វាចូលចិត្តមកជ្រៀតក្នុងអារម្មណ៍របស់ជាញឹកញាប់ វាអាចធ្វើឲ្យអ្នកកើតក្ដីព្រួយបារម្ភ ឬនៅតែបន្តការឈឺចាប់មិនលស់ពេល ហើយនេះហើយជាមូលហេតុដែលធ្វើឲ្យបច្ចុប្បន្ន និងអនាគតរបស់អ្នករកពន្លឺពុំឃើញ។

អ្នកមិនគួរបណ្តែតបណ្តោយឲ្យរឿងរ៉ាវអតីតកាលដ៏ខ្មៅកខ្វក់មកដាមណាមជាមួយនឹងជីវិតនាពេលបច្ចុប្បន្នរបស់អ្នកបានឡើយ អ្នកគួរតែផាត់រឿងរ៉ាវអតីតកាលដ៏អាក្រក់ទាំងនោះទៅតាមខ្យល់នៃពេលវេលា ហើយអ្នកគួរតែងាកមកសរសើរខ្លួនឯងថា អ្នកពិតជាមនុស្សដ៏ពូកែ ជាមនុស្សដ៏រឹងមាំម្នាក់ដែលអាចឆ្លងកាត់រឿងរ៉ាវទាំងនោះបានមកយ៉ាងនេះ។

ទោះបីពេលខ្លះ រឿងរ៉ាវអតីតកាលដ៏ខ្មៅងងឹតទាំងនោះវាមិនងាយនឹងបាត់ស្រមោលចេញពីការចងចាំរបស់អ្នកក្ដី តែអ្នកក៏មិនគួរយករឿងរ៉ាវទាំងនោះមកបំផ្លាញបច្ចុប្បន្នកាល និងអនាគតកាលដ៏ស្រស់បំព្រងរបស់អ្នកបានដែរ។ ស៊ូឡើង អ្នកជាមនុស្សតែម្នាក់ដែលអាចដើរចេញពីរឿងអតីតកាលបាន៕

អត្ថបទដោយ ៖ ប៊ុត បឋវី