បរទេស៖ ក្រសួងការបរទេសមីយ៉ាន់ម៉ា បានប្រកាសថា ចិននឹងបញ្ជូនប្រាក់៦លានដុល្លារអាមេរិកឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីអនុវត្តគម្រោងចំនួន២១កន្លែង។ ការផ្តល់ជំនួយខាងលើ គឺជាសញ្ញាបង្ហាញឱ្យឃើញថា មីយ៉ាន់ម៉ានិងចិន មានទំនាក់ទំនងយ៉ាងល្អប្រសើរឡើងវិញ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រីស៊ូជី កាលពីថ្ងៃទី១ខែកុម្ភៈ។

ការផ្តល់ថវិកាជំនួយនេះគឺអនុវត្តតាមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ៩ខែសីហាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ជាមួយគ្នានេះដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកអគ្គរដ្ឋទូតចិនក៏បានបញ្ជាក់ពីការផ្តល់ជំនួយនោះដែរ។ ក្រៅពីជំនួយជាទឹកប្រាក់ចិនក៏បានផ្តល់ជំនួយវ៉ាក់សាំងជាច្រើនដល់ប្រទេសនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលយ៉ាងមានប្រសិទ្ធភាពបំផុត ។

ក្រុមអ្នកប្រឆាំងការដឹកនាំដោយយោធាមីយ៉ាន់ម៉ាបានចោទប្រកាន់ថា ចិនបានគាំទ្រដល់ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំងបានច្រានចោលការចោទប្រកាន់ទាំងនោះ ដោយបញ្ជាក់ថា ការខិតខំក្នុងទំនាក់ទំនងការបរទេសគឺដើម្បីជួយដោះស្រាយវិបត្តិនៅក្នុងតំបន់។

ចំណែកបណ្តាប្រទេសលោកខាងលិចវិញ បានផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមីយ៉ាន់ម៉ា ដែលមានប្រាក់ជំនួយ៥០លានដុល្លារដែលអាមេរិកប្រកាសនៅថ្ងៃទី ១០ ខែសីហា ដើម្បីជួយទប់ស្កាត់វិបត្តិកាន់តែធ្ងន់បង្កឡើងដោយសារកូវីដ-១៩ ៕