ខេត្តកំពង់ស្ពឺ៖ លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីពាក់ព័ន្ធ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ អះអាងថាជាភ្នាក់ងារ តំណាងចែកចាយរបស់ក្រុមហ៊ុន យូនីសុធី Unicity Make Life Better ប្រចាំខេត្ដកំពង់ស្ពឺ ដែលមានឈ្មោះ វ៉ិត សុខរឺន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន យូនីសុីធី មានទីលំនៅភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ និងម្នាក់ទៀតឈ្មោះ ជា ប៊ីន ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន យូនីសុីធី មានទីលំនៅ ភូមិក្រាំងពង្រ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។

យោងតាមប្រភពព័ត៌មានដែលនាំឱ្យម្ចាស់បំណុលនិងជនរងគ្រោះ ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចអោយជួយផ្ដល់ភាពយុត្ដិធម៌ជូនពួកគាត់ដោយសារតែ  កាលពីពេលកន្លងទៅថ្មីៗនេះ ជនទាំងពីរនាក់ខាងលើបានអះអាងថាគាត់ជាបុគ្គលិកក្រុមហ៊ុន យូនីសុីធី លក់ឱសថអាហារបំប៉នសុខភាព ដែលមានគុណភាពនិងការទទួលបានភាពជឿជាក់ពីមនុស្សរាប់លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក ដោយការផ្ដល់ជូននៅការណែនាំប្រឹក្សាយោបល់ពីសំណាក់អ្នកជំនាញ(វេជ្ជសាស្រ្ដ)មកពីបរទេសនិងមានវេជ្ជបណ្ឌិតល្បីៗដែលបានបញ្ចប់ថ្នាក់បណ្ឌិតលើផ្នែកសុខភាពរាង្គកាយមនុស្ស ព្យាបាលជំម្ងឺដោយប្រើឱសថអាហារបំប៉នសុខភាពញាំចូលទៅខាងក្នុងព្យាបាលជួសជុលសិរីរាង្គផ្នែកខាងក្នុងប្រកបដោយភាពជោគជ័យ១០០% ដោយមិនចាំបាច់ការព្យាបាលជំម្ងឺដោយការចាក់ថ្នាំ ព្យួរសេរ៉ូម។

បន្ថែមពីនោះពួកគេបានបញ្ចុះបញ្ចូលឱ្យអតិថិជនរបស់ពួកគេយល់និងទទួលយកនូវគំនិតវិភាគនៃអាការៈជំម្ងឺជឿជាក់ឥតកែប្រែដោយការធានានិងលើកយកឧទាហរណ៍ជាក់ស្ដែងពីមនុស្សណាម្នាក់ដែលធ្លាប់ឈឺរាប់ខែឆ្នាំហើយបានធូរស្បើយបន្ទាប់ពីបានប្រើប្រាស់នូវឱសថអាហារបំប៉នសុខភាពរបស់ក្រុមហ៊ុនគេមួយរយៈពេលខ្លីដើម្បីយកមកធ្វើជាទេវតាប្រែធាតុ បន្លំភ្នែក ផ្ដល់ក្ដីសង្ឍឹមសម្រាប់អតិថិជនថ្មីរបស់ពួកគេបន្ដបន្ទាប់ទៀត។

បន្ទាប់ពីការជឿជាក់មកពួកគេបានព្យាយាមអូសទាញអោយអតិថិជនប្រើប្រាស់ផលិតផលដោយបានប្រាក់ចំណេញមកវិញនិងមានឱកាសរកប្រាក់ចំណូលបានមកពីការឃោសនាលក់ផលិតផលរបស់ក្រុមហ៊ុនគេបន្ដ ផ្លាស់ប្ដូរឋានៈពី អ្នកប្រើប្រាស់ធម្មតាទៅជាភ្នាក់ងារចែកចាយកម្រិតបឋមនិងអ្នកខ្លះក្លាយជា ប្រធានផ្នែកគ្រប់គ្រងតំបន់ក៏មាន ដោយការយកប្រាក់សុទ្ធមកធ្វើការទិញកញ្ចប់វិនិយោគជាមួយក្រុមហ៊ុន។

ជាក់ស្ដែងម្ចាស់បំណុលជាជនរងគ្រោះត្រូវបានតំណាងភ្នាក់ងារទាំងពីរនាក់ខាងលើរួមជាមួយបក្ខពួក ៤នាក់ផ្សេងទៀតណែនាំឱ្យទិញកញ្ចប់តម្លៃ ២៥,០០០ ដុល្លាអាមេរិក ដោយសន្យាផ្ដល់ភាគលាភ ក្នុងមួយខែ ចំនួន ៣,០០០ ដុល្លាអាមេរិក និងទទួលបានកាតមាសពីក្រុមហ៊ុនសម្រាប់ការបំពេញការងារនឹងទៅថៃ្ងអនាគត ចូលនិវត្ដន៍ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពី ១,៥០០ ដុល្លាអាមេរិក ទៅ ៣,៥០០ ដុល្លាអាមេរិក មានឱកាសទៅបរទេសដើរលេងតាមទ្វីបអរ៉ុប និងអាស៊ី។ ល។

ក្រោយពីការពន្យល់រួច ម្ចាស់បំណុលជាជនរងគ្រោះបានយល់ព្រមប៉ុន្ដែមិនមានប្រាក់គ្រប់ចំនួន ពួកគេបានបង្គាប់ឱ្យជនរងគ្រោះយកទ្រព្យផ្ទាល់ខ្លួនទៅដាក់បញ្ចាំយកប្រាក់ ដោយបានណែនាំទីផ្សាទទួលបញ្ចាំឯកជនងាយឆាប់រហ័សមិនចាំបាច់រត់ការស្មុគស្មាញយូរឡើយនិងបានធានាថាក្នុងករណីខែដំបូងក្រុមហ៊ុនជួយចេញថ្លៃការប្រាក់ចំនួន ០២ខែ ។

ក្រោយពីទទួលបានប្រាក់ដល់ដៃពួកគេហើយ គឺគេចខ្លួនជារៀងរហូតមិនមានអ្វីដូចការសន្យាគ្រាដំបូងគឺចេះតែសន្យារកលេសនេះលេសនោះថាក្រុមហ៊ុនកំពុងតែចាត់ចែងនាំអតិថិជនទៅក្រៅប្រទេសនិងកំពុងនាំផលិតផលថ្មីចូលមកទៀត « កុំភ័យថវិកាមិនបាត់បង់ទេ »។

សមត្ថកិច្ចស្នើសុំឱ្យពលរដ្ឋដែលជួបបញ្ហាដូចខាងលើសូមមេត្ដាបញ្ឍប់ជាបន្ទាន់កុំឱ្យលង់ចាញ់កលល្បិចក្រុមនេះបន្ដ និងស្នើថាបើមានរឿងរ៉ាវដូចក្នុងករណីខាងលើសូមមកដាក់ពាក្យបណ្ដឹងដើម្បីសមត្ថកិច្ចជួយផ្ដល់យុត្ដិធម៌ជូន​ ៕