រាជធានីភ្នំពេញ៖ តាមរយៈសារសំឡេងពិសេស នារសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ បញ្ជាឱ្យកងទ័ពបញ្ចេញរថយន្តដឹកជញ្ជូនពលករខ្មែរ មកធ្វើចត្តាឡីស័កបន្តនៅក្នុងប្រទេសវិញ ខណៈដែលប្រទេសថៃ កំពុងឆ្លងរីករាលដាលមេរោគដ៏កាចសាហាវកូវីដ១៩។

ការវិលត្រឡប់យ៉ាងគំហុករបស់ពលករខ្មែរមកកាន់កម្ពុជាវិញនេះ បន្ទាប់ពីប្រទេសថៃប្រឈម មុខនឹងការឆ្លង រីករាលដាលនៃ មេរោគកូវីដ-១៩ កាន់តែធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសមេរោគបំប្លែងថ្មីដែលតា។ ផ្អែកតាមស្ថានភាពនេះ សម្តេចតេជោ បានបញ្ជា ទៅកងទ័ពឱ្យបញ្ចេញរថយន្តរហូតដល់២០០ គ្រឿងទៅដឹកជញ្ជូនពលករខ្មែរដែលបានធ្វើចត្តាឡីស័ករយៈ ពេល១សប្ដាហ៍រួចមកហើយ នៅតាមបណ្ដាខេត្តជាប់ព្រំដែន ឱ្យមកបន្តធ្វើចត្តាឡីស័ក បន្ថែមទៀតនៅ តាមបណ្ដាខេត្ត ជាស្រុកកំណើតរបស់ពួកគេវិញ ដើម្បីផ្ដល់ទីកន្លែងចត្តាឡីស័កទៅឱ្យពលករផ្សេងទៀត ដែលទើបតែវិលត្រឡប់ពីប្រទេសថៃ ចូលកម្ពុជាវិញ។

សម្តេចតេជោ មានប្រសាសន៍បញ្ជាក់ថា «ធ្វើយ៉ាងនេះដើម្បីឱ្យបងប្អូនដែលមាន មណ្ឌលចត្តាឡីស័កនៅតាមព្រំដែន កម្ពុជាថៃមានទីកន្លែងសម្រាប់ឱ្យបងប្អូន ដែលវិលមកកំពុងស្នាក់នៅត្រើយម្ខាងព្រំដែន ចូលមកធ្វើចត្តាឡីស័កជំនួសកន្លែងនោះ។ វិធីនេះគឺជាវិធីដែលត្រូវតែ កងកម្លាំង ជាពិសេសផ្នែកកងទ័ពដែលទទួលបន្ទុកដឹកជញ្ជូន ត្រូវបង្កើនរថយន្ត ហើយត្រូវរៀបចំ ការដឹកជញ្ជូនបងប្អូនដែលធ្វើ ចត្តាឡីស័កក្នុងរយៈពេល៧ថ្ងៃរួចហើយ ត្រូវបញ្ជូន រថយន្តដឹកបងប្អូនទាំងនេះ មកកាន់ខេត្តរាជធានី នៅខាង ក្រោយ ដើម្បីយកទីកន្លែង សម្រាប់ឱ្យបងប្អូនមកពីព្រះរាជាណាចក្រថៃ បាន ធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័កក្នុងប្រទេស។ហើយករណីដែលបងប្អូនមកហួសកាលកំណត់ គឺត្រូវតែអនុវត្តនូវរបៀបមកដល់ធ្វើតេស្តភ្លាម ហើយដឹកជញ្ជូន បងប្អូនទាំងនោះចូលមកកាន់ខេត្ត ខាងក្នុងតែម្តង ដើម្បីយកមកធ្វើចត្តាឡីស័កនៅ ខាងក្នុង»៕