បាងកក៖ តារាសម្តែងប្រុសលោក​​ Toy Thanapat Thanachakulphisan​ អាយុ២១ឆ្នំា ក្នុង series រឿង Why Are You The Series “ เพราะรักใช่เปล่า” របស់ប៉ុស្ដិ៍ One31 ផឹកស្រាស្រវឹងបានបង្កហេតុចាក់សង្សារស្រីខ្លួនឯងចំនួន២០កំាបិត បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតក្នុងផ្ទះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook

តាមរបាយការណ៌របស់ប៉ូលីស លោកវរសេនីយ៍ទោ​ Patinya Chirandon បានរៀបរាប់ឲ្យដឹងថា ករណីចាក់សម្លាប់ខាងលើបានកើតឡើងនៅក្នុងផ្ទះមួយនៅក្នុងស្រុក Khlong Sam Wa​ ដែលគឺជាផ្ទះជួលទំហំ៣២ម៉ែត្រការ៉េ មានបន្ទប់គេង២ ដោយប៉ូលីសបានប្រទះឃើញសាកសពរបស់កញ្ញា Phim មានអាយុ២៥ឆ្នាំ​ ដេកស្លាប់នៅលើឥដ្ឋក្បែរគ្រែ មានស្នាមរបួសចាក់ចំដើមទ្រូងជាង២០កន្លែង ដែលប៉ូលីសបានកំណត់មុខសញ្ញា​ លោក​ Toy Thanapat Thanachakulphisan​ គឺជាជនដៃដល់នៅក្នុងករណីឃាតកម្មនេះ។

ពាក់ព័ន្ធនឹងរឿងនេះប៉ូលីសបានរកឃើញភស្តុតាង គឺជាកាំបិតវែងដែលប្រឡាក់ទៅដោយឈាម ​ស្ថិតនៅក្រោមការស៊ើបអង្កេត លោក​​ Toy Thanapat បានសារភាពថា លោក និងកញ្ញា Phim ដែលជាជនរងគ្រោះ គឺមានទំនាក់ទំនងស្នេហាជាមួយគ្នា។ មុនពេលកើតហេតុអ្នកទាំង២ បានផឹកស្រាជាមួយគ្នា ហើយបន្ទាប់មកឈានដល់ម៉ោង២២យប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ពួកគេប្រុងទៅគេង ស្រាប់តែមិនដឹងយ៉ាងម៉េចក៏ទាស់សម្តីគ្នា ខាងស្រីបានដើរទៅផ្ទះបាយទាញយកកំាបិតមករកចាក់ខ្លួន ភ្លាមៗនោះក៏មានការប្រទាញប្រទង់គ្នា បង្កហេតុចាក់ទៅលើសង្សារស្រីរហូតដល់ស្លាប់។

ទោះយ៉ាងណាប៉ូលីសនៅតែមិនជឿលើចម្លើយសារភាពរបស់លោក​​ Toy Thanapat ដូច្នេះប៉ូលីសក៏បានរៀបចំឃុំខ្លួនតារាសម្ដែងប្រុសនេះ ដើម្បីរង់ចាំការសួរចម្លើយយ៉ាងហ្មត់ចត់ម្តងទៀត ៕