រាជធានីភ្នំពេញ ៖ ទីបំផុត វីរៈ និច្ច តារាចម្រៀងក្នុងក្នុងផលិតកម្មសាន់ដេ ត្រូវបុរសជាគូស្នេហ៍ បាននាំចាស់ទុំមកចូលចែចូវចូលស្ដីដណ្ដឹង តាមច្បាប់ប្រពៃណីខ្មែរនៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពួកគេបានស្វែងយល់ចិត្តថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំ ។

តារាចម្រៀង ខាន់ ជេមស៍ ដែល ត្រូវជាពូរបស់ស្រីស្អាតវីរៈ និច្ច បានឲ្យដឹងថា គូដណ្តឹងរបស់កញ្ញា វីរៈ និច្ច មិនមែនអ្នកសិល្បៈនោះទេ ពោលគឺជាថៅកែ ផ្ទះសំណាក់អង្គរពេជ្រ នៅក្រុងកំពង់សោម ដែលមានឈ្មោះថា ខៀវ ពេជ្រ អាយុ២៩ឆ្នាំ។ អ្នកទាំងពីរ មិនមែនចាស់ទុំផ្សំផ្គុំនោះទេ ពោលគឺបានស្រឡាញ់ស្វែងយល់ និងមើលចិត្តថ្លើមគ្នាទៅវិញទៅមក ជាយូរឆ្នាំមកហើយ។ តាមពិតចំពោះថ្ងៃមង្គលការ គឺមានគម្រោងធ្វើធំដុំ នៅអំឡុងខែធ្នូ ចុងឆ្នាំ២០២១ នេះ ប៉ុន្តែដោយសារស្ថានភាពនៃកូវីដ-១៩ មិនទាន់ធូរស្បើយ គឺមានតែធ្វើ ទៅតាមកាលៈទេសៈប៉ុណ្ណោះ ហើយក្រុមគ្រួសារទាំងសងខាងក៏បានយល់ស្រប ព្រមព្រៀងគ្នារួចរាល់ហើយដែរ។

តែយ៉ាងណាតារាចម្រៀង ខាន់ ជេមស៍ មិនបានបង្ហើបឲ្យដឹងពីថ្លៃបណ្ណាការ ដែលខាងគូស្នេហ៍របស់ វីរៈ និច្ច ជូនដល់ក្រុមគ្រួសារនាងនោះទេ ដោយលោកអះអាងថា សុំមិនបញ្ចេញ ប៉ុន្តែគ្រួសារទាំងសងខាងបានព្រមព្រៀងគ្នា គឺពុំមានអ្វីជំទាស់ទៀត៕