ខេត្តបន្ទាយមានជ័យ ៖ នៅមុននេះបន្តិច រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសពីការរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៦៥នាក់ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) និងជាសះស្បើយចំនួន០៩នាក់ សម្រាប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង១៦៥នាក់ខាងលើនេះ គឺភាគច្រើនត្រូវបានរកឃើញនៅលើពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្ត បានអំពាវនាវចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល ១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាក និងធ្វើចត្តាឡីស័ក៕

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៧៧នាក់ ខណៈអ្នកជំងឺ ៦២៨នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩,០៥១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,១៤៥នាក់ និងស្លាប់សរុបចំនួន ១,៤៧១នាក់៕