រាជធានីភ្នំពេញ ៖ នៅមុនបន្តិច អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា ប្រតិបត្តិការ ស្វែងរកបុគ្គលសង្ស័យ ឆ្លង វីរុសកូវីដ-១៩ ប្រភេទថ្មី (Delta) នៅ ផ្សារសិនជូរីផ្លាហ្សា ត្រូវបានបញ្ចប់ ដោយទទួលបានលទ្ធផលពុំមានករណី វិជ្ជមាន វីរុសកូវីដ-១៩ទេ សម្រាប់ការចុះធ្វើតេស្ដលើប្រជាពលរដ្ឋសរុបចំនួន ១៦២នាក់ ។

សូមបញ្ជាក់ថា នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៥៧៧នាក់ ខណៈអ្នកជំងឺ ៦២៨នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៩,០៥១នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧២,១៤៥នាក់ និងស្លាប់សរុបចំនួន ១,៤៧១នាក់៕