រាជធានីភ្នំពេញ៖ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ ដោយឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦និង៣០នាទី កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៤) ដឹកនាំដោយលោកនាយករង ឃឹង សារ៉ាត់ និងមានការចូលរួមពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំសម្របសម្រួលពី លោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានបើកការស៊ើបអង្កេត ឈានទៅបង្ក្រាបបាន នៅចំណុច ផ្ទះគ្មានលេខ ភូមិទំនប់ ឃុំគូស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ឃាត់ខ្លួនជនសង្ស័យ៣នាក់រួមមាន ១- ឈ្មោះ ភឿង ពេជ្រ ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិខ្មែរ ។២- ឈ្មោះ តាក់ ថេន ភេទប្រុស កើតឆ្នាំ១៩៩៤ ជនជាតិខ្មែរ ។៣- ឈ្មោះ ប៊ុន បាន ភេទប្រុស កើតឆ្នាំ ១៩៨៤ ជនជាតិខ្មែរ ។ ចំណែកវត្ថុតាងចាប់យករួមមាន មេតំហ្វេតាមីន(ICE) ទម្ងន់ 1023.93 g, ជញ្ជីងថ្លឹង ២គ្រឿង បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវិធី។

ដោយឡែក កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៦និង៤០នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបានស៊ើបអង្កេត និងឈានទៅបង្ក្រាបករណីដឹកជញ្ជូន រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ៖

គោលដៅទី១ ៖ នៅចំណុចផ្ញើឥវ៉ាន់ ក្រុមហ៊ុន វីរ:ប៊ុនថាំ ស្ថិតនៅតាមផ្លូវមុនីរ៉េត កែងផ្លូវម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង។ គោលដៅទី២៖ នៅវេលាម៉ោង ១៧និង១០នាទី បន្តឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ១០ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ុន សារ៉េត ហៅ រុណ ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ។ ចាប់យកវត្ថុតាងសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE)ទម្ងន់សរុប ៤១១៤ ក្រាម, សារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់សរុប ១២.៣០ក្រាម, សារធាតុញៀនប្រភេទអ៊ិចស្តាស៊ី(MDMA) ទម្ងន់សរុប ២១.១០ក្រាម។ សារធាតុញៀន សរុប ៤១៤៧.៤០ក្រាម។ សម្ភារដកហូត ១-ម៉ូតូ ២គ្រឿង, ២-ទូរស័ព្ទដៃចំនួន២គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕