ខេត្តបាត់ដំបង៖ កាលពីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានចេញសេចក្តីប្រកាសព័ត៌មាន នៅលើហ្វេសប៊ុកផេកផ្លូវការ ដោយបានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមថ្មីចំនួន ១០៥នាក់ ដែលក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍មានចំនួន ៩៨នាក់ និងពលករត្រឡប់មកពីប្រទេសថៃមានចំនួន ៧នាក់។ ដោយឡែកសម្រាប់អ្នកជាសះស្បើយមានចំនួន ១៧នាក់ និងមានអ្នកស្លាប់ ២នាក់ បន្ថែមទៀត។

សូមបញ្ជាក់ថា បើគិតដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង មានអ្នកផ្ទុកមេរោគកូវីដ-១៩សរុបកើនឡើងដល់ចំនួន ៣ ៥៩២នាក់ហើយ ។ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ២ ១០៣នាក់ ស្លាប់ បានកើនឡើងរហូតដល់ចំនួន ៤៥នាក់ និងអ្នកដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តមានចំនួន ១,៤៤៤ នាក់។

ដោយឡែក នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៥៦០នាក់ ខណៈអ្នកជំងឺ ៧៦៣នាក់ជាសះស្បើយ។ គិតត្រឹមព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៧៨ ៤៧៤នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៧១ ៥១៧នាក់ និងស្លាប់សរុបចំនួន ១ ៤៤២នាក់៕