រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ទ្វារហាងលក់ដូរមួយកន្លែង ហើយបានចូលលួចបានលុយមួយចំនួន និងកង្ហារមួយគ្រឿង តែសំណាងមិនល្អ ត្រូវប្រជាពលរដ្ឋឃាត់ខ្លួនបានប្រគល់ឱ្យសមត្ថកិច្ច កាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យមានឈ្មោះរ័ត្ន មានអាយុ៣២ឆ្នាំ មុខរបររើសអេតចាយ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញជនសង្ស័យខាងលើ បានធ្វើសកម្មភាពគាស់ទ្វារហាងលក់ដូរមួយកន្លែងនឹងចូលទៅលួចយកលុយបានមួយចំនួន និងកង្ហារមួយគ្រឿង ភ្លាមៗនោះប្រជាពលរដ្ឋបានឃើញ រួចបានដេញតាមរហូតឃាត់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ច។ ជនសង្ស័យ និងវត្ថុតាំងត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខ នាំខ្លួនទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕